កីឡាការិនីប្រដាល់ វី ស្រីខួច ដែលជាកីឡាការិនីលេចធ្លោម្នាក់នៅក្នុងស្រុកបានខិតខំប្រឹងហ្វឹកហាត់ប្រដាល់សកលត្រៀមប្រកួតតំណាងឲ្យជាតិនាចុងឆ្នាំនេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដោយរៀបចំនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះគឺ ស្ទើរតែមិនបានឡើងរេញប្រកួតដើម្បីវាស់ស្ទង់សមត្ថភាព មុនចេញទៅប្រកួតកម្រិតតំបន់អាស៊ានមួយនេះ។

កីឡាការិនីវ័យ ២៥ឆ្នាំបានលើកឡើងថា៖ «ខ្ញុំចូលប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជិត ៣ ខែមកហើយ។ ខ្ញុំត្រូវតែខំប្រឹងហ្វឹកហាត់ខ្លាំងក្លាតាមតែអាចធ្វើទៅបាន។ ប៉ុន្តែបញ្ហាប្រឈមរបស់ខ្ញុំគឺស្ទើរអត់បានឡើងរេញប្រកួតទាល់តែសោះ។ ពេលហ្វឹកហាត់រាល់ថ្ងៃនេះ ខ្ញុំឡាំ ឬ វ៉ៃពេលហាត់តែជាមួយកីឡាករប្រុសៗ ប៉ុណ្ណោះ។ ដល់អីចឹង យើងមិនដឹងថាសមត្ថភាពយើងកម្រិតណាទេ។ បើមានគូវ៉ៃទៅទើបយើងអាចសុំានឹងស្ថានភាព។ ពេលហ្វឹកហាត់ជម្រើសជាតិហ្នឹង ខ្ញុំវ៉ៃបានម្ដងគត់ពេលជម្រុះប្រដាល់សកលនៅទ្វីបអាស៊ី នាក្រុងបាងកប្រទេសថៃកាលចុងខែ កុម្ភៈ កន្លងទៅ។ មួយទៀត យើងហាត់ត្រៀមវ៉ៃសកល ប៉ុន្តែបើមានសង្វៀនគេចាប់គូឲ្យ វ៉ៃក៏វ៉ៃប្រដាល់សេរីដែរភាគច្រើនព្រោះអត់សូវមានគូកីឡាការិនីលើសង្វៀននីមួយៗ»។

ពេលចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិដែលប្រមូលផ្ដុំដោយក្រសួងអប់រំ យុវជន និង កីឡានៅពហុកីឡដ្ឋានជាតិជិត ៣ ខែមកនេះ ស្រីខួច ហ្វឹកហាត់ជាមួយគ្រូប្រដាល់ជម្រើសជាតិ Rolando Castellano Rodriquez ជនជាតិគុយបា លោក វ៉ែន សុផល, លោក ជ័យ ណារ៉ា, និង លោក ឡុង សាលីន។ ពេលវេលានៃការហ្វឹកហាត់គឺ ព្រឹក និង ល្ងាច ជាប្រចាំរាល់ថ្ងៃ។

កីឡាការិនីដែលធ្លាប់ឡើងសង្វៀនអន្តរជាតិ ONE Championship ចំនួន ៤ លើករូបនេះបានរៀបរាប់បន្តថា៖ «ខ្ញុំធ្លាប់ចូលរួមស៊ីហ្គេមឆ្នាំ ២០១៧ ម្ដងនៅម៉ាឡេស៊ី តែខ្ញុំចាប់គូប៉ះកីឡាការិនីថៃចាញ់ជុំទី១ តែម្ដងដោយពិន្ទុ។ នោះជាលើកទី១ពេលវ៉ៃនៅស៊ីហ្គេម ហើយពេលខ្លះប៊ិះច្រលំៗវ៉ៃសេរី រួមទាំងការភ័យតិចៗខ្លះផង។ ប៉ុន្តែពេលនេះខ្ញុំអាចគ្រប់គ្រងអារម្មណ៍បានល្អមិនចាញ់ច្រាបដូចមុនទេ។ អ្វីដែលផ្លាស់ប្ដូរនោះខ្ញុំវ៉ៃគីឡូ ៦០ ដែលខុសពីពីរឆ្នាំមុនវ៉ៃគីឡូ ៥៧។ ក្នុងវិញ្ញាសា ៦០ គីឡូក្រាម ខ្ញុំគិតថាអាចល្អជាងមុនព្រោះអត់សូវមានអ្នកលេងគីឡូនេះច្រើនទេ។ បើគីឡូ ៥៧ មានគេលេងច្រើន ហើយសម្បូរកីឡាការិនីល្អៗទៀតផង។ ខ្ញុំរំពឹងបានលទ្ធផលល្អពីការប្រកួតទម្ងន់ ៦០ គីឡូក្រាម នៅស៊ីហ្គេមចុងឆ្នាំនេះ»។

គួរដឹងដែរថា វី ស្រីខួច បានចូលហ្វឹកហាត់ប្រដាល់ ជាមួយបងប្រុសបង្កើតឈ្មោះ វី សាវុធ នៅក្លិបឥន្ទ្រីកីឡា ដែលមានគ្រូបង្វឹកលោក ដួង បូរី ។ ក្លិបប្រដាល់នេះស្ថិតនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់របស់គេ។ ក្រៅពីប្រកួតប្រដាល់សេរីជាហូរហែនៅលើសង្វៀនតាមទូរទស្សន៍នាពេលកន្លងមក ស្រីខួច ក៏ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍គុនចម្រុះលំដាប់អន្តរជាតិ ONE Championship បានចំនួន ៤ ដងក្នុងនោះឈ្នះ ២ដង និង ចាញ់ ២ ដង៕

អត្ថបទ៖ ស៊ីធី