ក្លិប​​កីឡា​បាល់​ទាត់​ក្នុង​ក្រប​ខ័ណ្ឌ Major League Soccer របស់​លោក David Beckham ដែល​ស្ថិតនៅ​រដ្ឋ​ម៉ៃ​អា​មី អាច​នឹង​​​ជួប​បញ្ហា​រាំង​ស្ទះ​ថ្មីមួយ ក្រោយពី​​របាយ​ការណ៍​បរិ​ស្ថាន​បាន​បង្ហាញ​ពី​កម្រិត​នៃ​មេ​រោគ​ដ៏​មិន​នឹកស្មាន​ដល់​នៅ​​កន្លែង​សាង​សង់​កីឡាដ្ឋាន​ដែល​ត្រូវ​បានស្នើ​សុំ​មួយ​នេះ​។ នេះ​​បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​កា​សែត Miami Herald​។ កា​សែត​មួយ​នេះ បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ច័ន្ទ​ថា ក្រុម​អ្នក​ជំនាញ​បរិស្ថាន បាន​រក​ឃើញ​​មេ​រោគ​ដែល​បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី ក្នុង​កម្រិត​គុណ​នឹង​២​ដង ធៀប​នឹង​ចំនួន​កំណត់​ដែល​ស្រប​ច្បាប់ ក៏ដូច​ជា​​​កាក​សំណល់​ដ៏គ្រោះ​ថ្នាក់​នៅ​ផ្ទៃ​នៃ​ទីលាន​​របស់​កីឡាដ្ឋាន Melreese Country Club​។

គម្រោង​សាង​សង់​កីឡាដ្ឋាន​ក្បែរ​អាកាស​យាន​ដ្ឋាន​រដ្ឋ​មៃ​អាមី​មួយនេះ ត្រូវ​បាន​សម្រេច​ឲ្យ​ធ្វើ​ឲ្យ​ជា​កីឡាដ្ឋាន​របស់​ក្លិប Inter Miami ជា​មួយ​នឹង​គម្រោង​ថវិ​កា​ចំនាយ​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ព័ត៌​មាន​នេះ បាន​ផ្តល់​ការ​​ព្រួយ​បារម្ភ​​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​លោក Emilio Gonzalez អ្នក​ចាត់​ការ​ទូទៅ​​ក្នុង​ទីក្រុង Miami City កាលពីថ្ងៃ​អង្គារ បាន​បញ្ជា​ឲ្យ​បិទ​ទីលាន​វាយ​កូន​ហ្គោល Melreese ដែល​ជា​ទីលាន​តែមួយ​ស្ថិត​ក្រោម​កម្មសិទ្ធិ​របស់​រដ្ឋ Miami​។ កា​សែត​ដដែល​បាន​ចេញ​ផ្សាយ​ថា ក្រុម​ជំនាញ​ផ្នែក​បរិ​ស្ថាន​មក​ពីក្រុមហ៊ុន EE&G ដែល​​​ត្រូវ​បាន​ជួល​ដោយ​រដ្ឋ Miami បាន​រក​ឃើញ​ថា គំ​រូ​ដី​ដែល​ត្រូវ​បាន​យក​ទៅ​ពិសោធ មិន​ត្រឹម​តែ​​បាន​បង្ហាញ​ពី​កម្រិត​នៃ​មេរោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​បង្ហាញ​ពី​ភាព​កង្វក់​ច្រើន​ជាង​ចំនួន​ដែលកំណត់​ផងដែរ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia