ក្រុម​បិសាចក្រហម Manchester United ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​បាន​ត្រឹម​លទ្ធ​ផល​ស្មើ ១-១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Wolves ក្រោយពី​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​របស់​​កីឡាករ Paul Pogba ត្រូវ​បាន​​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី Rui Patricio នា​កីឡាដ្ឋាន Molineux កាលពីថ្ងៃ​ចន្ទ​។

ក្រុម​របស់​លោក Ole Gunnar Solskjaer បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន តាម​​​រយៈ​គ្រាប់​បាល់​ទី​២​​របស់ Anthony Martial ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅ​​រដូវ​កាល​នេះ ក្នុង​តង់​​ទី​១​។ កីឡាករ Ruben Neves រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ សម្រាប់​ក្រុម Wolves ក្នុង​តង់​ទី​២ នៅ​មុន​ពេល​ការ​ស៊ុត​បាល់​ពី​ចំណុច​ពិន័យ​១១​ម៉ែត្រ​ពី​តា​រាឆ្នើម​អន្តរ​ជាតិ​បារាំង Pogba ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី Patricio​។ វា​ជា​​ការ​សម្រេច​ចិត្ត​​ដ៏​ចម្លែក​មួយ​សម្រាប់ Pogba ក្នុង​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី ខណៈ​​ដែល​ខ្សែ​​ប្រយុទ្ធ Marcus Rashford បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ ក្នុង​ពេលក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម Chelsea ក្នុងលទ្ធ​ផល ៤-០ កាលពី​សប្តាហ៍​មុន ហើយ​រូប​គេ​​ក៏​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​ក្នុង​ការ​​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ពី​ចំណុច​ពិន័យ​១១​ម៉ែត្រ ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Paris Saint Germain កាលពី​រដូវ​កាល​មុន​ផងដែរ​។

បច្ចុប្បន្ន Pogba បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​មិន​ចូល​ទី​៤​គ្រាប់​មក​ហើយ ក្នុងក្រប​ខ័ណ្ឌ Premier League បើ​គិត​ចាប់​តាំងពី​ដើម​រដូវកាល​មុន​។ Man United នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង ប្រសិន​បើ​ដណ្តើម​បាន​ជ័យ​ជម្នះ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ពួក​គេ​​បាន​ជួប​ការ​ខក​ចិត្ត​ដោយ​សារ​តែ​ការ​បង្ហាញ​ពី​ទម្រង់​លេង​មិន​រឹង​មាំ ដើម្បី​​​បង្ហាញ​ថា លោក Solskjaer នៅ​មាន​ការ​ងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​​រៀប​ចំ​ក្រុម​ខ្លួន​ឲ្យមាន​សមត្ថ​ភាព​ក្នុង​​ការ​ប្រជែង​ពាន​៕

ប្រភព​ព័ត៌មាន៖ Channel News Asia