លោក Frank Lampard បានបញ្ជាក់ថា ក្រុម Chelsea មិនគួរចាញ់ក្នុងលទ្ធផល ៤-០ នៅលើទឹកដីក្រុម Manchester United ឡើយ ខណៈដែលរចនានៃការដឹកនាំរបស់លោក បានចាប់ផ្តើមយ៉ាងខកចិត្តកាលពីថ្ងៃអាទិត្យ។ វាជាលទ្ធផលដ៏អាម៉ាសមុខមួយសម្រាប់លោក Lampard អ្នកចាត់ការទូទៅថ្មីរបស់ Chelsea ក្រោយពីអតីតកីឡាករដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបរូបនេះ បានចូលកាន់តំណែងជំនួសលោក Maurizio Sarri ក្នុងពេលបិទរដូវកាល។
លោក Lampard គឺជាអ្នកចាត់ការទូទៅរបស់ Chelsea ដែលបានរងបរាជ័យធំជាងគេបំផុត ក្នុងការប្រកួតថ្ងៃទី១ បើគិតចាប់តាំងពីលោក Danny Blanchflower បានចាញ់ក្នុងលទ្ធផល ៧-២ នៅលើទឹកដីក្រុម Middlesbrough កាលពីឆ្នាំ១៩៧៨។ ខ្សែប្រយុទ្ធ Marcus Rashford បានជួយឲ្យក្រុម Man United មានគ្រាប់បាល់នាំមុខមុន តាមរយៈការស៊ុតបាល់ប៉េណាល់ទី ក្រោយពីក្រុម Chelsea បានស៊ុតបាល់ប៉ះទៅនឹងបង្គោលទីតាមរយៈកីឡាករ Tammy Abraham។ Emerson ក៏បានស៊ុតបាល់ប៉ះទៅនឹងរបារទីផងដែរ នៅមុនពេលបញ្ចប់តង់ទី១ ប៉ុន្តែ Rashford, Anthony Martial និង Daniel James សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នាក្នុងតង់ទី២ ដើម្បីធ្វើឲ្យលោក Lampard រងនូវការខកចិត្តដ៏ធំតែម្តង។
ទម្រង់លេងបែបប្រហែសរបស់ក្រុម Chelsea ក្នុងតង់ទី២ នឹងបង្កើតឲ្យមានសំណួរជាច្រើនអំពីអតីតខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ ដែលមានបទពិសោធដឹកនាំក្រុមបានត្រឹមតែ១រដូវកាលគត់ នៅឯក្លិប Derby របស់ក្របខ័ណ្ឌ Championship។ លោក Lampard បានឲ្យដឹងថា៖ «ការប្រព្រឹត្តកំហុស៤លើក បានបង្កើតឲ្យមានគ្រាប់បាល់បញ្ចូលទីទាំងនោះ។ ហេតុនេះ យើងត្រូវតែធ្វើការរិះគន់ខ្លួនឯង»៕
ប្រភពព័ត៌មាន៖ Channel News Asia