ក្លិបចចកកំណាច Wolverhampton Wanderers បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអ៊ីតាលី Patrick Cutrone ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ពីក្លិបអ៊ីតាលី AC Milan។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃអង្គារ។ ព័ត៌មានលម្អិតទាក់ទងនឹងហិរញ្ញវត្ថុនៃការផ្ទេរនេះ មិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានចេញផ្សាយថា កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវបានទិញចូលក្នុងតម្លៃខ្លួនប្រមាណជា១៦លានផោន (ស្មើនឹង១៩,៤៦លានដុល្លារអាមេរិក)។
Cutrone បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅទីនេះ ពីព្រោះក្លិបនេះ ពិតជាចង់បានខ្ញុំណាស់។ ខ្ញុំរីករាយ និងចង់ប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំសម្រាប់ក្រុមនេះ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ការអាចលេងក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្លិប Wolves គឺជារឿងដ៏អស្ចារ្យ។ ខ្ញុំពិតជាចង់ចាប់ផ្តើមណាស់»។
Cutrone ដែលបានចាប់ផ្តើមអាជីពជាកីឡាករយុវជនរបស់គេនៅឯក្លិប AC Milan នោះ បានបង្ហាញខ្លួន៩០លើកសម្រាប់ក្រុមឈុតធំ បើគិតចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៧ ដោយបានស៊ុតបាល់បញ្ចូលទី២៧គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់។ រូបគេក៏បានបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូង កាលពីឆ្នាំមុន ក្នុងការប្រកួតមិត្តភាពមួយ ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia