ក្លិបកាំភ្លើងធំ Arsenal កំពុងតែពោរពេញដោយក្តីសង្ឃឹមក្នុងការប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិកូតឌីវ័រ Nicolas Pepe ពីក្លិប Lille នៅចុងសប្តាហ៍នេះ ក្នុងតម្លៃខ្លួន៧៥លានផោន (ស្មើនឹង៩១លានដុល្លារអាមេរិក) ដែលជាកំណត់ត្រារបស់ក្លិប។ កីឡាករវ័យ២៤ឆ្នាំរូបនេះ បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ និងបានទទួលការត្រួតពិនិត្យសុខភាពកាលពីថ្ងៃអង្គារ នៅមុនពេលចុះហត្ថលេខាលើកុងត្រារយៈពេល៥ឆ្នាំ។
ក្រុមកាំភ្លើងធំមួយនេះ ក៏កំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងក្លិបជាច្រើនទៀតផងដែរ ស្របពេលដែលខ្សែការពារ Shkodran Mustafi វ័យ២៧ឆ្នាំ អាចនឹងត្រូវចាកចេញ។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ដែលជាប់កិច្ចសន្យារហូតដល់ឆ្នាំ២០២១នោះ ចង់បន្តនៅ និងបង្ហាញពីសមត្ថភាពរបស់គេ។ ប៉ុន្តែ ក្លិប Arsenal ចង់ស្វែងរកការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរជាលក្ខណៈខ្ចីជើង ឬអចិន្ត្រៃយ៍សម្រាប់ Mustafi។ ខ្សែការពារកណ្តាលម្នាក់ទៀត ដែលអាចនឹងចាកចេញដែរនោះគឺ Laurent Koscielny វ័យ៣៣ឆ្នាំ ស្របពេលដែលការពិភាក្សាផ្សេងៗកំពុងតែធ្វើឡើងដើម្បីជម្រះលើអនាគតរបស់គេ។
ប្រធានក្រុមរូបនេះ កំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ និងប្រឈមមុខនឹងការដាក់ពិន័យ ក្រោយពីបដិសេធមិនធ្វើដំណើរទៅចូលរួមក្នុងដំណើរប្រកួតមុនបើករដូវកាលរបស់ Arsenal នៅលើទឹកដីសហរដ្ឋអាមេរិក៕
ប្រភពព័ត៌មាន៖ BBC