អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​កូរ៉េ​ខាង​ត្បូង​ច្រើន​ជាង​២០០០​នាក់ នឹង​ប្តឹង​ភ្នាក់​ងារ​​រៀប​ចំ​ការ​ប្រកួត​កីឡា ក្រោយពី​តារាឆ្នើម Cristiano Ronaldo បាន​ស្ថិត​​ជា​កីឡករ​បម្រុង​​ពេញ​១​ប្រកួត នៅពេល​ដែលក្រុម Juventus របស់​គេ​បាន​លេង​ការ​ប្រកួតមិត្ត​ភាព​មួយ​ក្នុង​ទីក្រុង​សេអ៊ូល កាលពី​សប្តាហ៍​មុន​។ នេះ​​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​អង្គ​ភាព​ផ្នែក​ច្បាប់​មួយ​ កាលពីថ្ងៃ​ចន្ទ​។

តារាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ មិន​បាន​​លេង​សូម្បី​តែ​១​វិនាទី ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​​កីឡាករ​​ឆ្នើម​ៗ​ប្រចាំ​ក្រប​ខ័ណ្ឌ K-league ដោយ​មិន​ខ្វល់​ពីការ​តវ៉ា​​ផ្សេង​ៗ​ពី​អ្នក​គាំទ្រ​ចំនួន​៦៥០០០​នាក់ នាកីឡដ្ឋាន World Cup ឡើយ​។ ស្រប​ពេល​ដែល​ការ​ខក​ចិត្ត​ផ្សេង​ៗ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង អ្នក​គាំទ្រ​ខ្លាំងបាន​ស្រែក​ហៅ​ឈ្មោះ​គូ​បដិ​បក្ខរបស់​កីឡាករ​រូប​នេះ​គឺ Lionel Messi​។ នៅ​ពេល​ដែល​​​ការ​ប្រកួត​នេះ ត្រូវ​បាន​ប្រកាស​ឡើង​ជាលើក​ដំបូង អ្នក​គាំទ្រ​ការ​ប្រកួត​បាន​បញ្ជាក់​ថា កិច្ច​សន្យា​ជា​មួយ​នឹង​ក្លិប Juventus គឺ​តម្រូវ​ឲ្យ Ronaldo ចូល​លេង​យ៉ាង​ហោចណាស់​៤៥​នាទី ដែល​នាំ​ឲ្យ​មាន​​អ្នក​គាំទ្រ​​​ដ៏​ច្រើន​កុះ​ករ​។ នេះ​បើយោង​ទៅ​តាម​​អង្គ​ភាព​ផ្នែក​ច្បាប់ Myungan នៅ​ទីក្រុង​សេ​អ៊ូល​។

សំបុត្រ​ចូល​ទស្ស​នា​ដែល​មាន​តម្លៃ​ចាប់​ពី​២៥​ដុល្លារ​អាមេរិក រហូត​ដល់​៣៣៨​ដុល្លារ ត្រូវ​បាន​លក់​អស់​ត្រឹម​តែ​រយៈ​ពេល​២​​ម៉ោង​កន្លះ​ប៉ុណ្ណោះ នៅ​ពេល​ដែល​សំបុត្រ​​ទាំង​នោះ​ត្រូវ​បាន​ដាក់​លក់​ កាលពីថ្ងៃ​ទី​៣ ខែកក្កដា​។ លោក Kim Hun-ki មេ​ធាវី​ប្រចាំ​អង្គ​ភាព Myungan បាន​ប្រាប់​ថា៖ «មក​ទល់​ពេលនេះ អ្នក​គាំទ្រ​ច្រើន​ជាង​២០០០​នាក់ បានទាក់​ទង​មក​យើង ដើម្បី​​ដំណើរ​ការ​រឿង​ក្តីនេះ​»​៕

ប្រភព​ព័ត៌មាន​៖ Channel News Asia