កីឡាករជើងខ្លាំង ឡៅ ចិត្ត្រា ត្រូវបានផ្គូផ្គងដាក់ប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកប្រយុទ្ធមិនធ្លាប់ស្គាល់ការចាញ់នៅកម្ពុជា Fonluong នៅលើសង្វៀន CNC នាព្រឹកថ្ងៃសៅរ៍ សប្តាហ៍នេះ ហើយជំនួបលើកដំបូងរបស់អ្នកទាំង២ បានក្លាយជាការប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង ព្រោះអ្នកទាំង២នេះ មានសមត្ថភាព និងបច្ចេកទេសវ៉ៃបានល្អដូចគ្នា។
Fonluong បានក្លាយជាកីឡាកររបស់ថៃតែម្នាក់គត់ ដែលបានរក្សាជ័យជម្នះរបស់ខ្លួន ជាបន្តបន្ទាប់ សម្រាប់ការបង្ហាញវត្តមាននៅកម្ពុជា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ Fonluong ធ្លាប់បានឈ្នះជើងខ្លាំងរបស់កម្ពុជា ឃីម ឌីម៉ា និង ផល សោភ័ណ្ឌ ចំនួន២លើកដូចគ្នា ហើយរូបគេក៏បានឈ្នះ ផាន់ គ្រាន់ និង ឡុង សំណាង ផងដែរ។
ភាពខ្លាំងរបស់ Fonluong វាបាននឹងជំរុញឲ្យ ឡៅ ចិត្រ្តា បង្កើនការហ្វឹកហាត់ខ្លាំង ព្រោះនៅក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ មានតែ ចិត្ត្រា ប៉ុណ្ណោះ ដែលជាក្តីរំពឹងសម្រាប់អ្នកគាំទ្រប្រដាល់នៅកម្ពុជា ក្នុងការយកឈ្នះជើងខ្លាំងរបស់ថៃម្នាក់នេះ ខណៈ ឃីម ឌីម៉ា ក៏បានចាញ់លើកទី២ ក្នុងការឡើងប្រកួតសងសឹកនោះ។
ទាក់ទងទៅនឹងការប្រកួតនេះ ឡៅ ចិត្រ្តា បាននិយាយថា៖ «ខ្ញុំត្រៀមខ្លួនបានល្អហើយ គឺខំប្រឹងហាត់ ដោយយកចិត្តទុកដា ព្រោះ Fonluong ជាកីឡាករល្អ គឺគេដកស្រងវ៉ៃបានល្អ ហើយអាវុធគេធ្ងន់ៗ និងល្អបិទទៀត ប៉ុន្តែខ្ញុំអត់មានអារម្មណ៍ភ័យនោះទេ គឺឲ្យតែឡើងដល់លើរញ ដឹងតែវ៉ៃហើយ»។
កីឡាករជម្រើសជាតិគុនខ្មែរ មិនសូវមាត់ករូបនេះ បានបន្ថែមថា៖ «ខ្ញុំមានកម្លាំងវ៉ៃបាន៥ទឹកពេញ ព្រោះខំហ្វឹកហាត់បានច្រើន ហើយយើងអាចមានប្រៀប ដោយសារយើងខ្ពស់ជាង និងផ្លែយើងល្អវែងជាង»។ ចិត្ត្រា បានបញ្ជាក់ថា៖ «ខ្ញុំបានត្រៀមអាវុធទាំងកែង ជង្គង់ និយាយទៅត្រៀមមួយកំប្លេ ហាត់ម៉េច ឡើងទៅលើរេញ វ៉ៃអ៊ីចឹង ហើយខ្ញុំមានជំនឿចិត្តឈ្នះ៧០ភាគរយ»។
ការបង្ហាញពីភាពជឿជាក់របស់ ឡៅ ចិត្ត្រា វានឹងធ្វើឲ្យការប្រកួតនេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំង និងមានភាពស្វិតស្វាញខ្លាំង ហើយការប្តូរកែង ក៏អាចនឹងធ្វើឲ្យមានការបែកផងដែរ។ យ៉ាងណាក៏ដោយ លទ្ធផលទៅជាយ៉ាងណានោះ គ្មានអ្នកណា អាចដឹងនោះឡើយ ព្រោះ Fonluong ជាកីឡាករ ដែលមានកលល្បិចប្រកួតខ្ពស់ ហើយគោលជំហរប្រកួតរបស់គេ គឺចាំត្រង និងវាយបកទៅវិញបានលឿន និងចំគោលដៅ ហើយពេលចូលកៀក ថៃម្នាក់នេះ ក៏មានក្បាច់ជង្គង់ កែង និងចាប់កាច់ផ្តួល មួយកំប្លេ ផងដែរ៕