ពេញ ៥ទឹកនៅសង្វៀនភីអិនអីន ឡុង ជិន និង តាញ់ មករា បានធ្វើឲ្យអ្នកទស្សនាអង្គុយពុំជាប់កៅអីឡើយ ដោយត្រូវកម្រើកអស់ទាំងដងខ្លួន អមដោយសម្លេងស្រែកហ៊ោរកងរំពង ទៅតាមចង្វាក់នៃការវាយសន្ធាប់ទៅមករបស់កីឡាករទាំង ២ ដើម្បីដណ្ដើមយកខ្សែក្រវាត់ប្រាក់ កម្មវិធី «អធិរាជគុនខ្មែរ ISI Palm»។

ពាក់ព័ន្ធការប្រកួតដ៏ជក់ចិត្តនេះ ការសម្ភាសន៍ជាមួយកីឡាករទាំង ២ ហើយពួកគេបានរៀបរាប់ពីស្ថានភាពនៃការប្រកួតដូចថា៖​ «ទាំងខ្ញុំទាំងគាត់ សុទ្ធមានចំណុចខ្លាំងៗរៀងខ្លួន អត់សូវដាច់គ្នាច្រើនពេកទេ និយាយរួមមានវាយទៅវាយមក ចូលទៅចូលមកដូចគ្នា ប៉ុន្តែខ្ញុំអាចនិយាយបានថា ខ្ញុំនៅចាញ់គាត់ត្រង់ការប្រើស្នៀតជង្គង់។

ប្រកួតនេះខ្ញុំបានហ្វឹកហាត់ត្រៀមគ្រប់គ្រាន់ ហើយយល់ថាខ្លួនឯងធ្វើបានល្អ ប៉ុន្តែនៅមានកម្រិតមួយមិនទាន់ដល់គេ។ ខ្ញុំចាញ់មិនទាន់អស់ចិត្តទេ ខ្ញុំចង់ជួបគាត់ទៀត ប៉ុន្តែលទ្ធផលចាញ់នេះ ខ្ញុំទទួលស្គាល់ថាចាញ់ពិតមែន គ្រាន់តែពុំទាន់អស់ចិត្តខ្លួនឯង។ ខ្ញុំដឹងថា ចូលដល់ទឹកទី៥ ខ្ញុំរាងខ្សោយកម្លាំង។ ខ្ញុំពិតជាសោកស្ដាយខ្លាំង ដែលមិនទទួលជ័យជម្នះ អត់បានគ្រងខ្សែក្រវាត់»។

ងាកទៅម្ចាស់ខ្សែក្រវាត់ប្រាក់ ឡុង ជិន វិញ សិស្សគុនក្លិបខ្លារខិនមានរិទ្ធិពន្យល់ថា ពីដំបូងខ្លួនពុំសូវមានរំពឹងយកឈ្នះគូប្រកួតទេ ប៉ុន្តែចូលដល់លើរេញបានត្រឹម ២ទឹក គេមានទំនុកចិត្តថាអាចឈ្នះ មករា តែទទួលស្គាល់ថាពុំអាចវាយផ្ដាច់ឲ្យសន្លប់បានឡើយ។

សូមរីករាយទស្សនាវិដេអូរវាងអ្នកប្រដាល់ទាំងពីរខាងក្រោមនេះ: