អ្នកប្រដាល់ដើមកំណើតមកពីខេត្តបន្ទាយមានជ័យ សុខ ធី ថាការប្រកួតរបស់ខ្លួនកាលពីថ្ងៃសៅរ៍នៅសង្វៀនបាយ័នថ្មីៗនេះ ពិបាកខ្លះៗដែរព្រោះប៉ះកីឡាករថៃវ៉ៃស្ដាយដូចខ្លួនពេក ប៉ុន្តែយ៉ាងសប្បាយចិត្តដែលយកជ័យជម្នះបាន។
កីឡាករ សុខ ធី
សុខ ធី បានឲ្យដឹងថា សម្រាប់របួសជង្គង់ដែលចាញ់លើសង្វៀន ONE នៅឯប្រទេសថៃកន្លងទៅប៉ុន្មានខែមុននេះ ឥលូវជាធម្មតាវិញហើយ អាចប្រកួតបានដូចឃើញជាក់ស្ដែងស្រាប់ប៉ុន្មានថ្ងៃនេះអញ្ចឹង។ បើនិយាយពីការវិលចូលសង្វៀនជាថ្មីនេះដែរ កូនសិស្សលោកគ្រូ សាន សៅយ៉ាន់ រូបនេះប្រាប់ថា ដំបូងៗបែបនេះរាងកាយមិនទាន់រហ័សរហួនដូចមុនឡើយ ចេញស្នៀតនៅស្ពឹកៗបន្តិច បើឡើងប្រកួតបាន ១-២ដងប្រហែលដូចដើមវិញហើយ។
សុខ ធី ប្រកួតកន្លងទៅ
ចំពោះការប្រកួតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ម្ចាស់មេដាយមាសកីឡាជាតិខាងលើ បន្ថែមទៀតថា កីឡាករថៃ Dokmydeng គេក៏ជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ម្នាក់នៅសង្វៀនស្រុកថៃ ដូច្នេះសមត្ថភាពមិនធម្មតាឡើយ។ រៀងពិបាកបន្តិចសម្រាប់ប្រកួតនេះ ព្រោះទម្រង់វ៉ៃគឺដូចគ្នាតែម្ដង ពោលម៉ាត់ហើយទាត់ និងថែមទាំងមានទាត់លើទៀតផង។ សុខ ធី ក៏សរសើរអ្នកលេងគុនថៃរូបនេះដែរ ទោះឈឺជើងប៉ុណ្ណឹងហើយនៅទ្រាំតស៊ូបន្តទៀតបាន ខណៈខ្លួនខំទាត់ឲ្យខូចជើងបោះបង់ការប្រកួត ប៉ុន្តែបែរជាសន្លប់ដោយសារកែងទៅវិញ។
សុខ ធី កាលវ៉ៃនៅថៃ កម្មវិធី ONE
សុខ ធី បានវិលចូលសង្វៀនគុនខ្មែរវិញហើយ បន្ទាប់ពីកីឡាកររូបនេះចាញ់ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី២ លើសង្វៀន ONE ជាមួយអ្នកប្រដាល់លំដាប់ទី១ របស់ប្រទេសថៃ Rodtang កាលពីខែឧសភា ២០១៩។ កាលពីថ្ងៃសៅរ៍ ទី៦ កក្កដា ២០១៩ នេះ សុខ ធី ផ្ដួលអ្នកលេងគុនថៃ Dokmydeng ឲ្យសន្លប់ក្នុងទឹកទី៤ នៅសង្វៀនបាយ័ន៕