កីឡាករ ថៃ រិទ្ធី ដែលចាប់ផ្ដើមប្រឡូកក្បាច់គុនចម្រុះតាំងពីឆ្នាំ ២០១៣ មកនោះបានសម្រេចចិត្តទៅបង្ហាត់គុនខ្មែរនៅក្លិបប្រដាល់ឈ្មោះថា «MrLy Gym and Boxing» នៅខេត្តសៀមរាប ដោយផ្អែកលើហេតុផលទទួលបានប្រាក់កម្រៃល្អប្រសើរភ្នំពេញទោះឆ្ងាយពីគ្រួសារបន្តិចក្ដី។

អ្នកលេងគុនចម្រុះរូបនេះបញ្ជាក់ថា៖ «ខ្ញុំផ្លាស់មកធ្វើការនៅទីនេះប្រហែល ២សប្ដាហ៍នៅក្លិប MrLy Gym and Boxing។ ខ្ញុំបង្ហាត់កូនសិស្សវ៉ៃ អាជីព ៥ ទៅ៦នាក់ ហើយផ្សេងទៀតអ្នកហាត់គុនខ្មែរដើម្បីសុខភាព មានខ្មែរ និង ជនបរទេសជាច្រើននាក់។ ខ្ញុំបង្ហាត់ទីនេះអត់មានកុងត្រាទេ ប៉ុន្តែបង្ហាត់ស៊ីម៉ោង។ ខ្ញុំទទួលបានតម្លៃពីម៉ោងបង្ហាត់គួរសម។ វានៅឆ្ងាយពី ប្រពន្ធកូនបន្តិច ប៉ុន្តែ មិនអីទេ ពេលសម្រាក ខ្ញុំអាចឡើងទៅភ្នំពេញសួរសុខទុក្ខគាត់ញឹកញាប់»។ ការដែលមកបង្ហាត់ក្លិបនៅសៀមរាបនេះ ត្រូវបានកីឡាករដដែលបង្ហើបថា អត់មានកិច្ចសន្យាអ្វីនោះទេ ពោល បង្ហាត់ស៊ីភាគរយ។ ពេលកូនសិស្សច្រើនក៏បានកម្រៃច្រើនទៅតាមហ្នឹងដែរ។ មួយវិញទៀត វាជារឿងងាយស្រួលដែរ ពេលអត់កិច្ចសន្យា គឺ គេអត់ចងជើង។

អ្នកលេងក្បាច់គុនល្បុក្កតោ គុនខ្មែរ និង គុនចម្រុះសង្កត់ធ្ងន់ថា៖ «បើបង្ហាត់នៅភ្នំពេញមានតែកូនសិស្សខ្មែរ និង ជួយបង្ហាត់បង ធន់ សុភា ប៉ុណ្ណោះ។ យើងអត់មានទទួលបានលុយទេ តែយើងហាត់ខ្លួនឯងផង ដើម្បីឡើងរេញវ៉ៃខ្លួនឯង។ ដូច្នេះនៅសៀមរាបលក្ខខណ្ឌល្អជាងឆ្ងាយ»។ កីឡាករវ័យ ២១ ឆ្នាំបានរៀបរាប់ថា បើរស់នៅភ្នំពេញ គេជួយបង្ហាត់សិស្សជាមួយបងថ្លៃ ធន់ សុភា នៅក្លិបក្រសួងការពារជាតិ និង ហ្វឹកហាត់ឡើងប្រកួតខ្លួនឯង។ មួយរយៈមុននេះ គេក៏បានឡើងប្រកួតលើសង្វៀនទូរទស្សន៍នានាញឹកញាប់។ រហូតដល់ពេលនេះ កីឡាករសម្បុរស្រអែមរូបនេះ ចាំបានកំណត់ត្រាប្រកួតគុនខ្មែរចំនួន ៣៧ដង ដោយក្នុងនោះឈ្នះ ៣០ ដង។

រិទ្ធ ជាម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធី Khmer Warriors Challenges រដូវកាលទី៣ ដែលរៀបចំដោយ ស៊ីធីអិននិង MyTV និងជាម្ចាស់មេដាយមាសជើងឯកល្បុក្កតោឆ្នាំ ២០១៥ ថ្នាក់ជាតិ។ កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ធ្លាប់ប្រឡូកលើសង្វៀន ONE Championship បានចំនួន ២ លើក។ ម្ចាស់មេដាយមាសល្បុក្កតោរូបនេះ ឈ្នះ Jerome S.Paye ដោយវ៉ៃឲ្យចុះចាញ់ត្រឹមទឹកទី២ នាខែ កញ្ញា ឆ្នាំ ២០១៧ មុនចាញ់ឃ្លេកីឡាករចិន Zhao Zhi Kang នៅការប្រកួតលើកទី២ នាខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសហ្វីលីពីន។ ក្រៅពីសង្វៀន ONE គេប្រលូកលើសង្វៀនអន្តរជាតិ FULL METAL DOJO ជាញឹកញាប់នៅប្រទេសថៃ។ បើសរុបមក កីឡាករគុនខ្មែររូបនេះប្រកួតលើសង្វៀនគុនចម្រុះបានចំនួន ៩ ដងដោយឈ្នះ ៦ លើក និង ចាញ់ ៣ លើកតាំងពីឆ្នាំ ២០១៣ មក។

ថៃ រិទ្ធិ មានស្រុកកំណើតនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ នៅឆ្នាំ ២០១១ រិទ្ធី ហ្វឹកហាត់កីឡាប្រដាល់ជាមួយ គ្រូបង្វឹកទេព ស៊ីវុត្ថា បានប្រហែល ២ ឆ្នាំមុន ក្លិបអង្គរគុនខ្មែរត្រូវបិទទ្វារ និង បន្ត ទៅហ្វឹកហាត់ជាមួយលោកគ្រូ ប៉ាន់ ស៊ីថៃ។ ចាប់ពីឆ្នាំ ២០១៣ គេបានចូលហ្វឹកហាត់គុនចម្រុះពេល ស៊ីធីអិន និង MyTV រៀបចំការប្រកួតជើងឯកគុនចម្រុះ Khmer Warriors Challenges មុនពេលចូលហ្វឹកហាត់ជាមួយគ្រូគុនចម្រុះ ហ៊ុន ច័ន្ទរាជ្យ នៃ ក្លិប Cambodian Top Team ដល់ឆ្នាំ ២០១៨៕