Declan Rice បានយល់ព្រមចំណាយពេលយ៉ាងហោចណាស់មួយរដូវកាលទៀតជាមួយ West Ham United ក្រោយពីកីឡាករវ័យ ២៣ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមញញួរធំ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League នៅរដូវកាលនេះ។ ក្រុមបិសាចក្រហម Man. United គឺជាក្លឹបដែលបានប្តេជ្ញាក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើរូបនេះ ពេលដែលលោក Erik ten Hag មានបំណងកសាង និង ពង្រឹងប្រព័ន្ធលេងរបស់ក្លឹបឡើងវិញ។
យោងការចុះផ្សាយរបស់គេហទំព័រ The Mirror បានអោយដឹងថាៈ Rice នឹងមិនចាកចេញពីទឹកដី London Stadium ក្នុងអំឡុងទីផ្សារដោះដូរកីឡាករបើកនៅរដូវក្តៅនេះទេ ដោយសាររូបគេមានការស្ទាក់ស្ទើរក្នុងការផ្លាស់ទៅក្លឹបដទៃក្នុងពេលដែលព្រឹត្តការណ៏ World Cup ខិតជិតចូលមកដល់។
West Ham ដែលធ្លាប់បានដាក់តម្លៃខ្លួន១៥០ លានផោនសម្រាប់ Rice ដែលនៅសល់រយៈពេល ២ ឆ្នាំនៃកិច្ចសន្យា ជាមួយនឹងជម្រើសបន្ថែម ១២ ខែទៀតនោះ។ក្នុងនោះដែរ Chelsea ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកមកវិញអតីតយុវជនថ្នាលរបស់ខ្លួនរូបនេះ ស្របពេល West Ham បានផ្តល់កិច្ចសន្យារយៈពេលប្រាំបីឆ្នាំដល់ Rice ជាមួយប្រាក់ឈ្នួល 20,0000ផោន/សប្តាហ៏ដើម្បីអោយរូបគេបន្តលេងនៅក្លឹបបានយូរឆ្នាំបន្តទៀត។
ប្រភព៖ Sportsmole