អ្នក​ប្រដាល់​គុន​ខ្មែរ​ដែល​ឧស្សាហ៍​ឃើញ​មុខ​នៅ​សង្វៀន​ឯ​ប្រទេស​ថៃ​ បាង​ កាយ៉ាក​ យប់​មិញ​នេះ​ភ្លាត់​ស្នៀត​ត្រូវ​កណ្ដាប់​ដៃ​មហា​ទម្ងន់​របស់​ថៃ​ Kauthap Wor​ សន្លប់​ក្នុង​ទឹក​ទី២​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​របស់​ទូរទស្សន៍​លេខ៥។​

បាង កាយ៉ាក(ក្រហម) Kauthap Wor ​(ខៀវ)

កីឡាករ​មក​ពី​សមាគម​ក្រសួង​កសិកម្ម​ខាង​លើ​នេះ​ មិន​អាច​ប្រកួត​ឲ្យ​ចប់​៥ទឹក​នោះ​ទេ​ ពោល​ត្រូវ​សន្លប់​ក្រោម​ថ្វីដៃ​ភ្ញៀវ​យ៉ាង​ដំណំ​ក្នុង​ទឹក​ទី២។​ បាង​ កាយ៉ាក​ ហាក់​ចាញ់​ក្បាច់​កីឡាករ​ថៃ​ Kauthap​ ខណៈ​ការ​វ៉ៃ​ចេញ​មិន​សូវ​ធ្ងន់​ និង​មិន​ទាន់​បាន​ច្រើន​នោះ​ទេ។​

ជើង​ខ្លាំង​ឆ្លងដែន​ពី​ថៃ​ Kauthap​ មាន​ទម្ងន់​ជើង​ឆ្វេង​ធ្ងន់​ ហើយ​ទាត់​ច្បាស់​ៗ​ទៀត​ផង​ ពេល​មួយ​នៅ​ក្នុង​ទឹក​ទី១​ ទាត់​កីឡាករ​កម្ពុជា​ខាង​លើ​ចង់​ខូច​ដៃ​ទៅ​ហើយ​ ខណៈ​ម៉ាត់​ចូល​១ដៃ​ពេញ​មុខ​ទៀត​នោះ​ ធ្វើ​ឲ្យ​ បាង​ កាយ៉ាក​ ដួល​តែ​ងើប​មក​វិញ​លឿន​អាជ្ញាកណ្ដាល​មិន​បាន​រាប់នោះ​ទេ។​

ចូល​ទឹក​ទី២​ភ្លាម​អ្នក​ទាំង​ពីរ​បើក​ការ​សម្រុក​គ្នា​មួយ​ប្រាវ​ កីឡាករ​ថៃ​ទាត់​ឆ្វេង​ធ្ងន់ៗ​ និង​ម៉ាត់​ឆ្វេង​ពេញ​មុខ​កីឡាករ​ បាង​ កាយ៉ាក​ លុះ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ហក់​ចូល​ចង់​វ៉ៃ​យក​ពិន្ទុ​វិញ​ក៏​ត្រូវ​និង​ដៃ​ឆ្វេង​របស់​ Kauthap​ ម្ដង​ទៀត​សន្លប់​បោះបង់​ការ​ត្រឹម​នេះ​តែ​ម្ដង​ទៅ។​

សម្រាប់​ការ​ប្រកួត​មិត្តភាព​គូ​ឯក​ប្រចាំ​សប្ដាហ៍​របស់​សង្វៀន​ TV5​ ល្ងាច​ម្សិលមិញ​នេះ​គឺ​ បាង​ កាយ៉ាក​ ចាញ់​សន្លប់​ទឹក​២​ ក្រោម​ថ្វីដៃ​កីឡាករ​ថៃ​ Kauthap។​ ចំណែក​គូ​ពាន​រង្វាន់​ទម្ងន់​ ៥៤​គីឡូក្រាម​ មិន​មាន​ប្រកួត​នោះ​ឡើយ​ ពោល​សប្ដាហ៍​ក្រោយ​ទើប​មាន​វិញ​គឺ​ ខេម​ ចាន់​ ប៉ះ​ ជី​ ឆៃលី​ វគ្គ​ផ្ដាច់ព្រ័ត្រ​លេខ១-២៕​

Credit: Sabay