សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្សែការពារកណ្តាលរបស់ក្លិប Man. City កីឡាករ Aymeric Laporte បានធ្វើការផ្លាស់ប្តូរកាតព្វកិច្ចលេងលើឆាកអន្តរជាតិអោយជម្រើសជាតិបារាំងដើម្បីផ្លាស់ទៅលេងអោយជម្រើសជាតិអេស្បាញផ្លូវការណ៏ហើយ។ការសម្រេចចិត្តនេះបានធ្វើឡើងគឺនៅ មុនពេលដែលព្រឹត្តការណ៏ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០២០ នឹងចាប់ផ្តើមធ្វើការប្រកួតនៅខែមិថុនា ២០២១ ខាងមុខនេះហើយ។
រដ្ឋាភិបាលប្រទេសមហាអំណាចបាល់ទាត់ទ្វីបអឺរ៉ុបគឺអេស្បាញបានប្រកាសកាលពីដើមសប្តាហ៍នេះថាពួកគេបានផ្តល់សញ្ជាតិដល់កីឡាករមានវ័យ ២៦ ឆ្នាំ ខណៈ FIFA បានអនុម័តការផ្លាស់ប្តូរនេះបន្ទាប់ពីសហព័ន្ធបាល់ទាត់បារាំង (FFF) បានយល់ព្រមតាមសំណើរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញរួចរាល់ហើយដែរ។
Laporte ធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិបារាំងអាយុក្រោម១៧ឆ្នាំ U-១៧ និង U-២១ ប៉ុន្តែមិនដែលបង្ហាញខ្លួន អោយក្រុមឈុតធំនោះទេទោះបីជាប់ជាកីឡាករបម្រុងយ៉ាងណាក៏ដោយ។ខ្សែការពាររូបនេះជាកីឡាករសំខាន់សម្រាប់ Man. City អស់រយៈពេល ១៨ ខែមុនពេល Ruben Dias និង John Stones បានបង្ហាញ ខ្លួនចាប់ដៃគូគ្នានៅតំបន់ការពារកណ្តាលនោះ។ ដូច្នេះឥឡូវនេះ Laporte នឹងត្រូវបានគ្រូបង្វឹកអេស្បាញលោក Luis Enrique ត្រៀមជ្រើសសរើសអោយលេងជាមួយ Sergio Ramosនិង Gerard Pique សម្រាប់តំណែង ក្នុងក្រុមជម្រើសជាតិ។
ប្រភព៖ Sportskeeda