ខ្សែប្រយុទ្ធ Timo Werner បានតាំងចិត្តបន្តលេងអោយក្រុមតោខៀវ Chelsea ដោយមិន មានចំណាប់អារម្មណ៍ក្នុងការផ្លាស់ចេញពីទឹកដី Stamford Bridge នៅរដូវក្តៅខាងមុខនេះទេ។ទោះបីជារកបានគ្រាប់បាល់បញ្ចូលទីទើបបានតែ១០គ្រាប់ក្រោយផ្ទេរពីក្រុម RB Leipzig កាលពីដើមរដូវកាល ស្របពេលកីឡាករអន្តរជាតិអាឡឺម៉ង់បានបង្កើតឪកាសបញ្ចប់ទី ៧ លើកក្នុងរដូវកាលនេះ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះក៏បានប្រឈមការរិះគន់កាន់ខ្លាំងបំផុតផងដែរ ក្រោយពីមិនអាចរកគ្រាប់បាល់បញ្ចប់ទីបានច្រើន តាមដែលអាចធ្វើទៅបាន ស្របពេលក្លឹបបានបង្ហាញពីចេតនាចង់បានខ្សែប្រយុទ្ធកំពុងឡើងជើងវ័យក្មេង Erling Braut Haaland ពីក្រុម Borussia Dortmund មកជំនួសតំណែងរបស់ Werner នោះ។
យោងគេហទំព័រ Goal បានចុះផ្សាយថា Werner បានទទួលការ លើកទឹកចិត្តអោយបន្តលេងជាមួយក្រុមដោយ មិនត្រូវចាត់ទុកលទ្ធផលរដូវកាលដំបូងថាជារឿងបរាជ័យក្នុងអាជីព ដោយមានគោលដៅវិលត្រលប់ទៅលេងនៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់វិញនោះទេនោះទេ។ ស្របពេលកិច្ចសន្យាបច្ចុប្បន្នជាមួយក្លឹបមានរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៤-២០២៥ឯណោះ។
ប្រភព: Sportsmole