ខ្សែប្រយុទ្ធ Lionel Messi បានជាប់ឈ្មោះជាកីឡាករបាល់ទាត់ទី២ បន្ទាប់ពី Cristiano Ronaldo ដែលអាចមានទ្រព្យសម្បត្តិដល់ទៅ១ពាន់លានដុល្លារនៅចប់រដូវកាលនេះ។
បន្ទាប់ពីសម្រេចចិត្តបន្ដលេងឱ្យក្រុម FC Barcelona ទៀតនៅរដូវកាលថ្មីខាងមុខនេះ Messi ត្រូវបានគេដឹងថានឹងអាចរកប្រាក់ជាង១០០លានដុល្លារទៀតមិនខាន។ ដោយកាលពីឆ្នាំមុននេះ បើទោះជាមានមេរោគ Covid-19 វាយលុកក្ដី ប៉ុន្ដែរូបគេជាកីឡាករម្នាក់ដែលរកប្រាក់បានច្រើនជាងគេបំផុត។ បើតាមស្ថិតិរបស់ Forbes គឹបង្ហាញថា Messi រកបានដល់ទៅ ១២៦លានដុល្លារឯណោះកាលពីរដូវកាលមុន ខណៈដែល Ronaldo វិញរកបានតែ១១៧លានដុល្លារប៉ុណ្ណោះ។
ប្រាក់ទាំងអស់ដែល Messi រកបានកាលពីរដូវកាលមុននោះ ចែកចេញជា២ផ្នែក គឺប្រាក់ពលកម្មនៅក្រុម FC Barcelona មានចំនួន៩២លានដុល្លារ និងបានពីការផ្សព្វផ្សាយផ្សេងៗទៀតមានចំនួន៣៤លានដុល្លារ។ បើតាមចំនួននៃការរកបាននេះ Forbes បានចាត់ទុក Messi ជាកីឡាករទី២ហើយ បន្ទាប់ពី Ronaldo ដែលអាចរកប្រាក់បានដល់១ពាន់លានដុល្លារ នៅត្រឹមឆ្នាំក្រោយនេះ៕