អ្នកលេងគុនចម្រុះកូនខ្មែរ-អាមេរិក អែម សុវណ្ណារី បានចុះឈ្មោះជាផ្លូវការក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានាពាក់កណ្ដាលសប្ដាហ៍នេះ ហើយការចុះឈ្មោះនេះជាប្រយោជន៍សំខាន់ផ្ទាល់ខ្លួនមួយ រួមទាំងការឡើងប្រកួតតំណាងឲ្យទង់ជាតិកម្ពុជា។
កីឡាការិនិវ័យ២៦ ឆ្នាំរូបនេះលើកឡើងបែបនេះ៖«វាផលចំណេញដែលខ្ញុំបានចុះឈ្មោះជាមួយ CMMAF គឺខ្ញុំស្ថិតក្នុងចំណោមកីឡាករកីឡាការិនីដើម្បីទៅប្រកួតតំណាងឲ្យកម្ពុជា។ យើងអាចធ្វើការជាមួយគ្នាដើម្បីបង្ហាញទង់ជាតិខ្មែរទៅកាន់ពិភពលោក»។ កីឡាការិនីដែលឡើងសង្វៀន ONE ម្ដងកាលចុងឆ្នាំ២០១៨ រូបនេះបានប្រឡូកលើសង្វៀនគុនចម្រុះ ឬ MMA តាំងពីឆ្នាំ ២០១៦ មក។ កីឡាការិនីដដែលនេះបានចូលហ្វឹកហាត់ហាត់ប្រដាល់សកលតាំងឆ្នាំ ២០១២ មុនចូលហ្វឹកហាត់ ជីជិតស៊ូ ឆ្នាំ ២០១៤។ បន្ទាប់មកទៀត គេចូលហ្វឹកហាត់ចំបាប់ យូដូ និង ប្រដាល់សេរី មុនក្លាយជាកីឡាការិនីលេចធ្លោប្រកួតមិនដែលចាញ់ដល់បច្ចុប្បន្ន។
កីឡាការិនីកើតនៅឡុងប៊ីច រូបនេះសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំនឹងឡើងវ៉ៃតំណាងឲ្យកម្ពុជានៅសង្វៀន ONE Championship នាចុងឆ្នាំនេះ។ ខ្ញុំមិនទាន់លម្អិតទេ តែខ្ញុំសុំប្រាប់ប៉ុណ្ណឹងសិន»។ បន្ទាប់ពីការចុះឈ្មោះផ្លូវការ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្បុជាបានថ្លែងថា នេះជាគោលដៅ និង គោលបំណងរបស់សហព័ន្ធដើម្បីស្វែងរកកីឡាករល្អៗសម្រាប់ប្រកួតតំណាងឲ្យកម្ពុជា។ លោកសង្កត់ធ្ងន់បែបនេះ៖«នេះជាសញ្ញាណល្អមួយ។
សុវណ្ណារី ឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselovaត្រឹមទឹកទី១ នៅសង្វៀន ONE។ គេមានកម្រិតប្រកួតល្អ។ ហើយគេនឹងឡើងវ៉ៃជាថ្មី តំណាងឲ្យកម្ពុជាក្នុងពេលឆាប់ៗនេះ។ ពេលខាងមុខ គេ [សុវណ្ណារី ] អាចមកហ្វឹកហាត់ជាមួយ នៅ ស្រីពៅ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និង រីកចម្រើនទាំងអស់គ្នា»។ អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាដដែលបានដើរតួនាទីគៀងគរកីឡាករកីឡាការិនីកូនកាត់ និង គ្រូបង្វឹកនៅក្រៅប្រទេសដើម្បីចូលរួមជាមួយសហព័ន្ធ។
សហព័ន្ធកំពុងបង្កើតយុទ្ធនាការស្វែងរក និង ប្រមែប្រមូលគ្រូបង្វឹក ឬ កីឡាករនៅ សហរដ្ឋអាមេរិក កាណាដា បារាំង និង អូស្ត្រាលី។ សហព័ន្ធ និង រូបលោកផ្ទាល់ជឿជាក់ថា នឹងទទួលបានធនធានកីឡាករល្អៗដើម្បីប្រកួតតំណាងឲ្យកម្ពុជា។ អែម សុវណ្ណារី ប្រឡូកលើសង្វៀនគុនចម្រុះ ឬ វ៉ៃដាក់ទ្រុងបានចំនួន ៣ លើក មិនដែលចាញ់។ ក្នុង ២ លើកដំបូងប្រកួតដាក់ទ្រុងនៅអាមេរិក សុវណ្ណារី ឈ្នះកីឡាការិនីអាមេរិក Lanikqua Robins នាទឹកទី១ កាលឆ្នាំ ២០១៦ និង ឈ្នះកីឡាការិនីអាមេរិក Evelyn Nieves នៅទឹកទី១។ ក្នុងការប្រកួតចុងក្រោយ សុវណ្ណារី ឈ្នះកីឡាការិនិអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ នៅប្រទេស ម៉ាឡេស៊ី៕
អ្នកលេងគុនចម្រុះកូនខ្មែរ-អាមេរិក អែម សុវណ្ណារី ថ្លែងសារសំខាន់អំពីការចុះឈ្មោះផ្លូវការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា
អត្ថបទទាក់ទង