ក្រុម Real Madrid ប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារមួយ ដើម្បីចាំមើលថា តារាឆ្នើម Luka Modric និង Gareth Bale មានភាពរឹងមាំទាន់ពេលវេលាសម្រាប់ការប្រកួត Clasico ជាមួយនឹងក្រុម Barcelona នៅសប្តាហ៍ក្រោយនេះ ឬយ៉ាងណា ក្រោយពីកីឡាករទាំង២សុទ្ធសឹងបានអវត្តមានក្នុងពេលហ្វឹកហាត់ កាលពីថ្ងៃអង្គារ។

Modric និង Bale សុទ្ធសឹងបានធ្វើលំហាត់ប្រាណក្នុងសាលដូចគ្នា ខណៈដែលរូបគេបានព្យាយាមធ្វើឲ្យជាសះស្បើយពីរបួស ដែលរូបគេបានជួបប្រទះក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ រវាងក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី និងវេលស៍ កាលពីថ្ងៃអាទិត្យ។ បញ្ហានេះ ធ្វើឲ្យ Real Madrid មិនច្បាស់ទៅលើភាពរឹងមាំរបស់កីឡាករទាំងអស់ ស្របពេលដែលការប្រកួតដ៏សំខាន់ក្នុងក្របខ័ណ្ឌ La Liga ជាមួយនឹងក្រុម Barcelona នាកីឡដ្ឋាន Camp Nou នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា។

លោក Ryan Giggs គ្រូបង្វឹកនៃក្រុមជម្រើសជាតិវេលស៍ បានបញ្ជាក់ថា Bale បានជួបបញ្ហាឈឺសាច់ដុំកំភួនជើងរបស់គេ ក្នុងពេលជិតបញ្ចប់ការប្រកួតជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងទីក្រុង Cardiff ប៉ុន្តែ បានបញ្ជាក់ថា បញ្ហានេះ គ្រាន់តែការរមួលសាច់ដុំប៉ុណ្ណោះ។ Real បានប្រកាសកាលពីថ្ងៃអង្គារថា Modric បានជួបបញ្ហារបួសភ្លៅ ក្នុងការប្រកួតនោះ។

ក្លិបឲ្យបានដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រោយពីការត្រួតពិនិត្យផ្សេងៗដែលត្រូវបានធ្វើឡើងនៅថ្ងៃនេះ លើកឡាកររបស់យើង Luka Modric ដោយក្រុមបុគ្គលិករបស់ Real Madrid រូបគេត្រូវបានគេរកឃើញថា មានបញ្ហាត្រង់ភ្លៅស្តាំរបស់គេ។ ការសម្រាកព្យាបាលរបស់គេ នឹងបន្តស្ថិតក្រោមការតាមដាន»៕

ប្រភពព័ត៌មាន៖ Channel News Asia