Manchester City បានបញ្ចប់កិច្ចព្រមព្រៀងការចុះហត្ថលេខាផ្ទេរយក ខ្សែការពារវ័យ ២៣ ឆ្នាំ Ruben Dias ពីក្លឹប Benfica ក្នុងកិច្ចសន្យា ៦ ឆ្នាំជាមួយតម្លៃខ្លួនប្រមាណ ៦៥ លានផោន។ការមកដល់របស់ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះ ស្របពេលខ្សែការពារអាហ្សង់ទីន Nicolas Otamendi បានផ្លាស់ទៅកាន់ក្លឹបយក្សព័រទុយហ្គាល់មួយនេះវិញក្នុងតម្លៃ ១៣,៧ លានផោន។

Dias បានក្លាយជាសមាជិកសំខាន់ទី៣របស់គ្រូបង្វឹកលោក Pep Guardiola ក្រោយការមកដល់របស់ខ្សែការពារ Nathan Ake ពីក្លឹប Bournemouth និងខ្សែប្រយុទ្ធ-ស្លាប Ferran Torres ពីក្លឹប Valencia ។

Dias បានថ្លែងប្រាប់បណ្តាញសារពត៌មានក្រោយការផ្ទេរនេះថាៈ ការចូលរួមជាមួយក្លឹប Manchester City គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដែលមិនអាចបដិសេធបានទេ ។ពួកគេបានក្លាយជាក្រុមលេចធ្លោនៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលខ្ញុំគិតថាស័ក្តសមនឹងសមត្ថភាពរបស់ខ្ញុំ។ពិតជាគួរឱ្យរំភើបណាស់ដែលបានក្លាយជាសមជិកនៃ ក្រុមដែលមានទេពកោសល្យ និងលេងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលំដាប់ពិភពលោកដូចជាលោក Pep Guardiola។

ប្រភព៖ BBC