ក្លឹប Atletico Madrid បានប្រកាសថា ខ្សែប្រយុទ្ធ Diego Costa និងខ្សែការពារ Santiago Arias ត្រូវបានដាក់ឲ្យដាច់ដោយឡែក បន្ទាប់ពីតេស្ដរកឃើញវិជ្ជមានជំងឺកូរ៉ូណាអំឡុងពេលពួកគេត្រលប់ពីវិស្សមកាលរដូវក្ដៅវិញ។
ក្លឹប Atletico បានប្រមូលកីឡាកររបស់ខ្លួនដើម្បីធ្វើតេស្ដរករីរុស Covid-19 មុនចូលហ្វឹកហាត់ត្រៀមលេងរដូវកាលថ្មីនៅថ្ងៃទី ៤ ខែ កញ្ញានេះ។ លីគកំពូលរបស់អេស្ប៉ាញ La Liga នឹងចាប់ផ្ដើមប្រកួតនៅរដូវកាលថ្មីនៅថ្ងៃទី ១១ ខែ កញ្ញាខាងមុខ ប៉ុន្តែ Atletico ត្រូវលេងប្រកួតដំបូងនៅថ្ងៃទី ២៧ ខែ កញ្ញាឯណោះទល់នឹង Granada។
មួយរយៈចុងក្រោយនេះវីរុស Covid-19 បានឆ្លងរាលដាលដល់កីឡាករបាល់ទាត់ល្បីៗជាច្រើន។ ថ្មីៗនេះក្លឹប PSG បានប្រកាសកីឡាកររបស់ខ្លួន៣នាក់ផ្សេងទៀតក៏បានឆ្លងជំងឺកូរ៉ូណាដូចគ្នា បន្ទាប់ពី Neymar, Di Maria និង Paredes។ នេះមានន័យថាក្នុងក្លឹប PSG មានកីឡាករឆ្លង៦នាក់ហើយពេលនេះ៕