បរទេស៖ លោក Diego Simeone បាន​បញ្ជាក់​ថា ក្រុម Atletico Madrid បាន​លិច​​លុង​ក្នុង​សម្ពាធ និង​ភាព​តានតឹង​ក្នុង​ការ​លេង​ក្នុងរដូវ​​កាល​ដ៏​យូរ​អង្វែងមួយ ទើប​ពួកគេ​បាន​ធ្លាក់​ចេញ​ពីក្រប​ខ័ណ្ឌ Champions League ក្រោមស្នា​ក្រុម Leipzig កាលពីថ្ងៃព្រហស្បតិ៍​។

ក្រុម Leipzig នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Paris Saint-Germain ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​អង្គារ ក្រោយ​ពី​ការ​ស៊ុត​បាល់​របស់​កីឡាករ Tyler Adams បាន​ផ្លាត​ចូល​ទី​នៅនាទី ទី​៨៨ ដើម្បី​ជួយ​ឲ្យក្រុម​ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ នៅ​ទីក្រុង Lisbon តែម្តង​។

ខ្សែ​ប្រយុទ្ធ Joao Felix របស់​ក្រុម Atletico បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​មាន​គ្រាប់​បាល់​តាម​ស្មើវិញ​តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ ដើម្បីលុប​ចោល​គ្រាប់​បាល់​បើកឆាក​របស់ Dani Olmo​។ ការ​រង​បរា​ជ័យ​នេះ បំពេញ​រដូវ​កាល​ដ៏ខក​ចិត្ត​សម្រាប់​ក្រុម Atletico ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅលើ​តារាង La Liga ដោយ​ដេញ​តាមពីក្រោយក្រុម​ម្ចាស់​ជើង​ឯក​ Real Madrid ដល់ទៅ​១៧ពិន្ទុ​។ បន្ទាប់​ពី​ការ​ប្រកួត​ លោក Simeone បាន​ឲ្យ​ដឹង​ថា៖ «យើង​មិនមាន​ភាព​ខ្លាំង​ផ្នែក​រាងកាយ ឬ​ក៏​លេង​ស៊ី​សង្វាក់​គ្នា​ឡើយ​។

នៅ​ចុងរដូវ​កាល​នេះ យើង​​រង​សម្ពាធ​ជាច្រើន ពោល​គឺ​សម្ពាធ​មុន​នឹង​ឈាន​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League ហើយ​ត្រូវ​តែ​សម្រប​ខ្លួន​ជាមួយ​នឹង​កីឡាករ​ថ្មី​»​​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​មក​ប្រកួត​ជាមួយ​នឹងក្តីស​ង្ឃឹម​ជាច្រើន​។ យើង​ពិត​ជា​ខក​ចិត្ត​ណាស់ ប៉ុន្តែ ខ្ញុំ​ដឹង​ថា កីឡាករបាន​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia
វីដេអូ៖