ក្លិប Wolves បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិព័រទុយហ្គាល់ Daniel Podence ពីក្លិប Olympiakos ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍។
Podence ដែលមានតម្លៃខ្លួន១៧លានផោន (ស្មើនឹង២២លានដុល្លារអាមេរិក) ចូលរួមជាមួយនឹងក្លិប Wolves ដែលស្ថិតក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដែលក៏មានសញ្ជាតិព័រទុយហ្គាល់ ផងដែរ។
បច្ចុប្បន្ន Wolves កំពុងតែរង់ចាំតែលិខិតបញ្ជាក់អន្តរជាតិសម្រាប់កីឡាករចំណូលថ្មីរបស់ខ្លួនប៉ុណ្ណោះ ហេតុនេះ រូបគេកំពុងតែស្ថិតក្នុងភាពមិនច្បាស់សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Manchester United នៅកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ទាក់ទងនឹងការផ្ទេរនេះ Podence វ័យ២៤ឆ្នាំ បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ខ្ញុំពិតជារំភើបណាស់។ វាបានក្លាយជាសុបិនកាលពីកុមារភាពមួយរបស់ខ្ញុំក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League ហើយខ្ញុំសម្រេចក្តីស្រមៃនេះហើយ ខណៈសុបិនក្លាយជាការពិត»។ ខ្សែបម្រើស្លាបរូបនេះបានបន្ថែមទៀតថា៖ «Wolves គឺជាក្រុមមួយដែលមានគម្រោងដ៏ធំមួយ រួមជាមួយនឹងមហិច្ឆតាឆ្ពោះទៅមុខ និងជាកន្លែងដែលខ្ញុំនឹងជួបអតីតមិត្តរួមក្រុមជាច្រើន ដែលខ្ញុំធ្លាប់រីករាយក្នុងការលេងជាមួយកាលពីមុន ហើយខ្ញុំសង្ឃឹមថា នឹងទទួលបានជោគជ័យនៅទីនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia