ចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ពីការពន្យាររាល់ក្របខ័ណ្ឌលីកកីឡាបាល់ទាត់ក្នុងស្រុកទាំងអស់ ក៏ដូចជាក្របខ័ណ្ឌកំពូល Chinese Super League (CSL) ដើម្បីឆ្លើយតបទៅនឹងការផ្ទុះជំងឺកូរ៉ូណា ដែលកំពុងតែរាតត្បាតក្នុងប្រទេសនេះ។
យុទ្ធនាការ CSL ឆ្នាំ២០២០ ត្រូវបានគ្រោងចាប់ផ្តើមប្រកួតនៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែ ត្រូវបានពន្យារពេលរាល់ប្រភេទនៃការប្រកួតកីឡាបាល់ទាត់ទាំងអស់ ដើម្បីការពារ និងគ្រប់គ្រងការរីករាល់ដាលជំងឺរលាកសួតប្រភេទថ្មី។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ចិន។
ការប្រកាសនេះ កើតឡើងត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីព្រឹត្តិការណ៍ World Indoor Athletics Championships ដែលត្រូវបានគ្រោងរៀបចំឡើងក្នុងទីក្រុង Nanjing ប្រទេសចិន នៅខែមីនា ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១ ក្រោយពីមានការណែនាំពីអង្គការសុខភាពពិភពលោក។
កីឡាបាល់ទាត់ គឺជាកីឡាដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសដែលមានអត្រាប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកមួយនេះ ខណៈដែលក្លិបមានទ្រព្យធនជាច្រើន បានទិញចូលកីឡាករបរទេសមានតម្លៃខ្លួនខ្ពស់ៗជាច្រើន ដូចជាខ្សែប្រយុទ្ធប្រេស៊ីល Hulk និង Oscar និងខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះគឺជាកីឡាចុងក្រោយគេ ដែលរងនូវផលប៉ះពាល់ដោយសារតែមេរោគកូរ៉ូណា កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលមានអ្នកឆ្លងជំងឺនេះច្រើនជាង៩ពាន់នាក់ ក្នុងប្រទេសចិន និងអ្នកស្លាប់កើនដល់២១៣នាក់៕
ប្រភពព័ត៌មាន៖ Channel News Asia