ខ្សែប្រយុទ្ធ Mauro Icardi បានបន្តបង្ហាញពីទម្រង់លេងដ៏មុតស្រួច តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ដើម្បីជួយឲ្យក្រុម Paris St Germain យកឈ្នះលើក្រុម St Etienne ក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតពាន French League Cup វគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃពុធ។
តារាឆ្នើអន្តរជាតិអាហ្សង់ទីន Icardi ដែលខ្ចីជើងពីក្លិប Inter Milan បានស៊ុតបាល់បញ្ចូលទីនៅតង់ទីមួយ ខណៈដែលគ្រាប់បាល់របស់កីឡាករ Neymar ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Jessy Moulin និង Kylian Mbappe បានបន្ថែមការខកចិត្តបន្ថែមទៀតដល់ក្រុម St Etienne ដែលត្រូវបានកាត់បន្ថយនៅសល់សមាជិកត្រឹមតែ១០នាក់ នៅពេលដែលកីឡាករ Wesley Fofana បានរងពិន័យកាតក្រហម ក្រោយពីលេងបាន៣០នាទី។
Icardi បានស៊ុតបាល់បញ្ចូលទី១៧គ្រាប់ ក្នុងចំណោមការប្រកួត១៩លើកសម្រាប់ក្រុម PSG។ Yohan Cabaye បានវាយបកបាន១គ្រាប់វិញសម្រាប់ក្រុម St Etienne ក្នុងតង់ទី២ នាកីឡដ្ឋាន Parc des Princes ប៉ុន្តែ ក្រុមរបស់លោកស្ថិតក្រោមការគ្រប់គ្រងរបស់គូប្រកួតខ្លួនស្ទើរតែទាំងស្រុងរួចជាស្រេច។ ស្របពេលជាមួយគ្នានេះ Olympique Lyonnais បានឈានទៅវគ្គបន្តតាមរយៈការយកឈ្នះលើក្រុម Brest ៣-១ ស្របពេលក្រុម Lille បានផ្តួល Amiens ២-០៕
ប្រភពព័ត៌មាន៖ Channel News Asia