ខ្សែប្រយុទ្ធរកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមអង់គ្លេស Wayne Rooney នឹងត្រូវបង្ហាញខ្លួនជាលើកទី១របស់គេឲ្យក្លិបស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Derby ក្នុងពេលប្រកួតជាមួយនឹងក្រុម Barnsley នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងទៅតាមការប្រកាសរបស់លោកគ្រូបង្វឹក Phillip Cocu។
Rooney វ័យ៣៤ឆ្នាំ បានចូលរួមជាមួយនឹងក្លិប Derby ក្នុងនាមជាកីឡាករ និងគ្រូបង្វឹក ពីក្លិប DC United របស់ក្របខ័ណ្ឌ MLS ប៉ុន្តែ មិនមានសិទ្ធិចូលលេងឲ្យក្លិបថ្មីរបស់គេឡើយរហូតដល់ខែមករា។ បន្ទាប់ពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Charlton ក្នុងការប្រកួតក្របខ័ណ្ឌ Championship កាលពីថ្ងៃច័ន្ទ លោក Cocu បានឲ្យដឹងថា៖ «ប្រសិនបើកីឡាករម្នាក់មានគុណភាព អាជីព និងបទពិសោធជាច្រើនដូចជា Rooney អាចចូលលេងបាន អ្នកត្រូវតែរីករាយ និងពេញចិត្តដែលរូបគេនៅទីនេះ»។
លោកបានប្រាប់បន្តថា៖ «រូបគេមានភាពរឹងមាំ រូបគេអាចចូលលេងក្នុងជម្រើសដំបូងបាន ហើយរូបគេត្រូវការការប្រកួត២ ទៅ៣លើក។ ការរំពឹងទុកផ្សេងៗនឹងខ្ពស់ នៅពេលដែលរូបគេចូលលេង ប៉ុន្តែយើងត្រូវតែផ្តល់ការប្រកួតឲ្យរូបគេ២ ទៅ៣លើកសិន ដើម្បីធ្វើឲ្យរូបគេស៊ាំទៅនឹងស្ថានភាព និងស៊ាំទៅនឹងក្រុមនេះ»។ លោក Cocu បានបន្ថែមទៀតថា៖ «ហេតុនេះ វាប្រហែលជាមិនល្អឥតខ្ចោះនៅថ្ងៃដំបូងឡើយ ប៉ុន្តែ វាពិតជាសំខាន់ណាស់ដែលរូបគេនឹងចូលរួមជាមួយនឹងក្រុមនេះឲ្យបានឆាប់តាមដែលអាច ហេតុនេះ យើងអាចមើលឃើញពីសមត្ថភាពពិតប្រាកដក្នុងក្រុមរបស់យើង»។ ការបង្ហាញខ្លួនជាលើកទី១របស់ Rooney មិនអាចកើតឡើងឲ្យបានឆាប់សម្រាប់ក្រុម Derby ឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia