ក្លិបធ្លាក់ចុះទម្រង់លេង West Ham បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេបានតែងតាំងលោក David Moyes ជាអ្នកចាត់ការទូទៅ ជាលើកទី២ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យពួកគេមានសុវត្ថិភាពក្នុងក្របខ័ណ្ឌ Premier League។
លោក Moyes ដែលអាជីពរបស់លោកមិនអាចស្រោចស្រង់ពីពេលវេលាមិនជោគជ័យក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Manchester United ក្នុងរដូវកាលឆ្នាំ២០១៣-២០១៤ បានចូលជំនួសកន្លែងរបស់លោក Manuel Pellegrini ដែលត្រូវបានបណ្តេញចេញ បន្ទាប់ពីការរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Leicester កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឲ្យក្រុមញញួរធំមួយនេះ នាំមុខត្រឹមតែ១ពិន្ទុគត់លើតំបន់កាត់ចោល។
គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ មិនបានដឹកនាំក្លិបណាសោះ បើគិតចាប់តាំងពីចាកចេញពីក្លិប West Ham ក្រោយពីបានចំណាយពេលអស់៦ខែ ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨។ លោក Moyes បានដឹកនាំឲ្យក្លិប West Ham មានសុវត្ថិភាពនៅរដូវកាលនោះ ក្រោយពីលោក Slaven Bilic ត្រូវបានបណ្តេញចេញកាលពីដើមខែវិច្ឆិកា ហើយនិងត្រូវស្នើឲ្យសង្គ្រោះក្លិបនេះម្តងទៀត។ លោក Moyes បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា៖ «វាពិតជាអស្ចារ្យណាស់ក្នុងការវិលត្រឡប់មកវិញ។ ខ្ញុំពិតជាមានមោទនភាពដែលខ្ញុំវិលមកវិញនៅទីនេះក្នុងក្លិប West Ham។ ប៉ុន្តែការដែលសំខាន់ជាងនេះទៅទៀតនោះគឺថា ខ្ញុំគិតថា ខ្ញុំនឹងផ្តោតលើអ្វីដែលខ្ញុំអាចធ្វើ និងអ្វីដែលខ្ញុំអាចកែសម្រួលបាន»៕
ប្រភពព័ត៌មាន៖ Channel News Asia