Liverpool ដែលជាម្ចាស់ជើងទើបឈ្នះពាន Club World Cup នាពេលថ្មីៗនេះ នឹងត្រូវវិលទៅកាន់ការប្រកួតវិញ ដោយត្រូវប្រជែងដណ្តើមពានក្របខ័ណ្ឌលីក ជាលើកទី១របស់ពួកគេ ក្នុងរយៈពេល៣០ឆ្នាំ នៅពេលដែលពួកគេជួបជាមួយនឹងគូប្រកួតដែលកំពុងដេញតាមពីក្រោយពួកគេកៀកជាងគេបំផុតគឺ Leicester City នៅរាត្រីថ្ងៃព្រហស្បតិ៍។
ការប្រកួតនៅថ្ងៃ Boxing Day រវាងក្រុមកំពូលតារាងទាំង២ នាកីឡដ្ឋាន King Power របស់ Leicester នេះ នឹងក្លាយជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៃកម្មវិធីប្រកួតនៅរដូវបុណ្យទាន ហើយបើទោះបីក្រុម Leicester ទើបតែចាញ់ក្រុម Manchester City ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែ លោក Juergen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ដឹងយ៉ាងច្បាស់ពីគ្រោះថ្នាក់ដែលក្រុមរបស់លោកត្រូវប្រឈមមុខ។
អ្នកការទូទៅរបស់ក្រុម Leicester លោក Brendan Rodgers ដែលត្រូវបានជំនួសកន្លែងដោយលោក Klopp នៅ Anfield ដែលបានរៀបចំក្រុមមួយដែលបានឈ្នះការប្រកួតជាច្រើន មុននឹងចាញ់ក្រុម Man City របស់លោក Pep Guardiola ពោលគឺឈ្នះ១២លើកក្នុងចំណោមការប្រកួត១៨លើក។
ពួកគេចាញ់ត្រឹមតែ៣ប្រកួតគត់ ហើយក្រោមជំនួយពី Jamie Vardy ពួកគេមានខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំលីក គឺរកបាន១៧គ្រាប់។ លោក Klopp បានឲ្យដឹងថា៖ «យើងនឹងព្យាយាមបញ្ឈប់ Vardy។ រូបគេជាខ្សែប្រយុទ្ធដ៏មុតស្រួច និងជាខ្សែប្រយុទ្ធដ៏អស្ចារ្យ។ ជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធទាំង៣ បើចាប់តាំងពីខ្ញុំបានឃើញនៅអង់គ្លេស»។ លោកបានបន្ថែមទៀតថា៖ «ពួកគេជាខ្សែប្រយុទ្ធដែលផ្តល់ការលំបាកក្នុងការពារ និងជាខ្សែប្រយុទ្ធដែលផ្តល់នូវគ្រោះថ្នាក់។ រឿងតែមួយដែលអ្នកអាចធ្វើបាន គឺការមិនឲ្យរូបគេប៉ះបាល់ ហើយយើងនឹងព្យាយាមធ្វើ»៕