ក្រុម Real Madrid បានបាត់បង់ឱកាសក្នុងការចូលជំនួសកន្លែងរបស់ក្រុម Barcelona នៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga នៅមុនពេលការប្រកួតឈ្មោះថា Clasico នៅថ្ងៃពុធ សប្តាហ៍នេះ ប៉ុន្តែ ពួកគេបានស្រោចស្រង់លទ្ធផលស្មើ ១-១ នៅពេលប្រកួតជាមួយនឹងក្រុម Valencia ខណៈ Karim Benzema បានរកគ្រាប់បាល់តាមស្មើនៅនាទីបន្ថែម កាលពីថ្ងៃអាទិត្យ។
អ្នកចាំទី Thibaut Courtois របស់ក្លិប Real Madrid បានឡើងទៅជួយតែតបាល់ នៅជិតបញ្ចប់ការប្រកួត នាកីឡដ្ឋាន Mestalla ហើយវាជាការតែតបាល់សំដៅទីដ៏គួរឲ្យភិតភ័យនៅប្រអប់ទីរបស់ក្លិប Valencia នៅមុនពេលបាល់នោះបានធ្លាក់ចំពីមុខជើងរបស់ Benzema ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងរំភើបនៅនាទី ទី៩៥។
អ្នកចាំទី Courtois បានឲ្យដឹងថា៖ «គូប្រកួតអាចនឹងមានការភិតភ័យបន្តិច ប្រសិនបើខ្ញុំឡើងទៅលើ។ Toni Kroos បានទាត់បាល់ជ្រុង រត់ទៅក្បែរបង្គោលទី ហើយខ្ញុំបានឃើញថា បាល់នោះ ស្ថិតនៅកម្ពស់ខ្ញុំ ហើយខ្ញុំបានតែតយ៉ាងល្អ»។ លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real បានឲ្យដឹងថា៖ «រូបគេបានសម្រេចចិត្តឡើងទៅលើ ហើយនោះបង្ហាញថា យើងចង់រកបានគ្រាប់បាល់ ដោយមិនបោះបង់ឡើយ។ លទ្ធផលស្មើនេះ គឺជារង្វាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងដែលយើងបានធ្វើ។ នេះគឺជា Real Madrid ដែលជាក្រុមមួយមិនដែលបោះបង់»៕
ប្រភពព័ត៌មាន៖ Channel News Asia