Leicester បានកាត់បន្ថយគម្លាតតាមពីក្រោយក្រុម Liverpool នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលខ្សែប្រយុទ្ធ Jamie Vardy បានបន្តទម្រង់លេងដ៏មុតស្រួចរបស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៤-១ លើក្រុម Aston Villa កាលពីថ្ងៃអាទិត្យ។
ក្រុមឈរលេខ២របស់លោក Brendan Rodgers បានដេញតាមពីក្រោយក្រុម Liverpool ចំនួន៨ពិន្ទុ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Vardy, Kelechi Iheanacho និង Jonny Evans នៅកីឡដ្ឋាន Villa Park។
កីឡាករ Jack Grealish បានកាត់បន្ថយការដេញតាមពីក្រោយមកនៅត្រឹម ២-១ ក្នុងតង់ទី១ ប៉ុន្តែ Leicester បានដណ្តើមជ័យជម្នះជាលើកទី៨ជាប់ៗគ្នារបស់ខ្លួន ដើម្បីបង្កើតកំណត់ត្រាថ្មីមួយ ដែលបានបំបែកកំណត់ត្រាកាលពីមុនដែលត្រូវបានបង្កើតឡើងក្នុងរដូវកាលឆ្នាំ១៩៦២-១៩៦៣។ បច្ចុប្បន្ន Vardy បានស៊ុតបាល់បញ្ចូលទី៨ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតក្របខ័ណ្ឌ Premier League និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងយុទ្ធនាការនេះ ជាមួយនឹងការរកបាន១៦គ្រាប់។
ទម្រង់លេងយ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បានជួយឲ្យរូបគេមានឱកាសនៃការតាមស្មើនៃការរកគ្រាប់បាល់បញ្ចូលទី១១ប្រកួតជាប់ៗគ្នារបស់គេ អំឡុងពេលក្រុម Leicester បានឈ្នះពានរង្វាន់លីកកាលពីឆ្នាំ២០១៦។ ការរក្សាឈរយ៉ាងមានលំនឹងរបស់ក្រុម Leicester នៅលើតារាង ក្រោយពីបានកត់ត្រាជ័យជម្នះ១២លើក ពីការប្រកួតក្របខ័ណ្ឌលីក១៤លើកចុងក្រោយរបស់ពួកគេ បានធ្វើឲ្យពួកគេក្លាយជាបេក្ខភាពប្រជែងដណ្តើមពានម្តងទៀត និងធ្វើឲ្យស្ថិតក្នុងទីតាំងដែលត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League៕
ប្រភពព័ត៌មាន៖ Channel News Asia