រូបមន្តសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុ (UEFA) ត្រូវបានចាត់ទុកថា «ជារឿងអាស្រូវមួយ» ដោយតារាឆ្នើមអន្តរជាតិបែលហ្ស៊ិក Kevin De Bruyne បាននិយាយ ខណៈដែលអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់របស់អឺរ៉ុបមួយនេះ ប្រឈមមុខនឹងបញ្ហាដ៏ឈឺក្បាលមួយ ដើម្បីធានាថា រាល់ប្រទេសម្ចាស់ផ្ទះទាំងអស់ ដែលឈ្នះកៅអីទៅប្រកួត អាចលេងលើទឹកដីខ្លួនឯង។
សម្រាប់រយៈពេលជាលើកទី១ ព្រឹត្តិការណ៍ Euro នៅឆ្នាំក្រោយនេះ នឹងត្រូវរៀបចំឡើងក្នុងទីក្រុងម្ចាស់ផ្ទះចំនួន១២ផ្សេងគ្នា ក្នុងប្រទេសចំនួន១២ផ្សេងគ្នា ខណៈដែលកីឡដ្ឋាន Wembley របស់អង់គ្លេស នឹងត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ការចាប់ឆ្នោតសម្រាប់យុទ្ធនាការដែលមានក្រុមចូលរួមចំនួន២៤ក្រុមមួយនេះ នឹងត្រូវរៀបចំឡើងនៅទីក្រុង Bucharest នៅថ្ងៃទី៣០ ខែវិច្ឆិកា។
ក្រុមជម្រើសជាតិវែលស៍ បានក្លាយជាក្រុមប្រទេសទី២០ ក្នុងការឈ្នះកៅអីរបស់ខ្លួនសម្រាប់យុទ្ធនាការប្រចាំទ្វីបនេះ នៅពេលដែលពួកគេបានផ្តួលក្រុមជម្រើសជាតិហុងគ្រី ២-០ ក្នុងទីក្រុង Cardiff កាលពីថ្ងៃអង្គារ ខណៈដែលកៅអីដែលនៅសល់ចំនួន៤ទៀត នឹងត្រូវធ្លាក់ទៅលើក្រុមឈ្នះពីការប្រកួត Playoff ដែលនឹងត្រូវរៀបចំឡើងនៅខែមីនា ឆ្នាំក្រោយ។
ទោះបីជាយ៉ាងណា ស្របពេលដែល UEFA ត្រូវតែធានា ក្រុមម្ចាស់ផ្ទះ នឹងត្រូវលេងការប្រកួតវគ្គចែកពូលរបស់ខ្លួន នៅលើទឹកដីខ្លួនឯង ក៏ដូចជាត្រូវគិតពីក្រុមប្រទេសដែលមានសង្គ្រាមនឹងគ្នា ផងដែរ។ ខ្សែបម្រើ De Bruyne របស់ក្លិប Manchester City បានប្រាប់ទូរទស្សន៍បែលហ្ស៊ិកថា៖ «និយាយតាមត្រូង់ទៅ វាជារឿងអាស្រូវមួយ»៕
ប្រភពព័ត៌មាន៖ Channel news Asia