លោក Marcello Lippi បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិចិន ជាលើកទី ២ នៅឆ្នាំនេះបន្ទាប់ពីបរាជ័យ ២-១ ក្រោយព្រឹត្តការណ៏ប្រកួត វគ្គជម្រុះ World Cup ឆ្នាំ ២០២២ ជាមួយក្រុមស៊ីរីនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៧១ ឆ្នាំរូបនេះបានលាឈប់ពីការងារម្តងរួចទៅហើយ ក្នុងខែមករាបន្ទាប់ពីធ្លាក់ចេញពីការប្រកួត វគ្គ ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ Asian Cup ប៉ុន្តែក្រោយមកត្រូវបានតែងតាំងជាថ្មីនៅខែឧសភានាឆ្នាំដដែល។បរាជ័យនេះបានធ្វើឱ្យចិនឈរនៅលេខ ២ ក្នុងពូល A និងមាន ៥ ពិន្ទុឃ្លាតពី ក្រុមកំពូលតារាង
លោក Lippi ធ្លាប់មានប្រវត្តិ ដឹកនាំជម្រើសជាតិអ៊ីតាលីលើកពានបាល់ទាត់ពិភពលោកឆ្នាំ ២០០៦ បាននិយាយថា: ខ្ញុំទទួលបានប្រាក់ខែសមរម្យដូច្នេះ ខ្ញុំត្រូវតែទទួលខុសត្រូវទាំងស្រុង។ខ្ញុំបានប្រកាសលាឈប់ពីតំណែងហើយសហព័ន្ធក៏បានយល់ព្រមលើសំណើរនេះរួចរាល់ហើយដែរ។
គួរបញ្ជាក់ថាកាលពីលាលែងលើកទី១អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី Fabio Cannavaro បានបន្តចូលមកដឹកនាំក្រុមជំនួសលោក Lippi តែអតីតខ្សែការពាររូបនេះបានដឹកនាំក្រុមជម្រើសជាតិបានតែ ២ ប្រកួតប៉ុណ្ណោះ ក៏បានសម្រេចផ្លាស់ទៅដឹកនាំក្រុម Guangzhou Evergrande រហូតមកដល់សព្វថ្ងៃនេះវិញ។
ប្រភព៖ BBC