ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត អ៊េមីរ៉ាតអារ៉ាប់រួម និងក្រុមជម្រើសជាតិបារ៉ែន នឹងចូលរួមក្នុងយុទ្ធនាការកីឡាបាល់ទាត់ Gulf Cup នៅខែនេះ ក្នុងប្រទេសកាតា ដែលជាសញ្ញានៃការបង្ហាញពីការផ្សះផ្សារទំនាក់ទំនងដ៏ជូរចត់អស់រយៈពេល២ឆ្នាំរបស់ពួកគេជាមួយនឹងទីក្រុងដូហា។
នេះបើយោងទៅតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត កាលពីថ្ងៃពុធ ហើយរដ្ឋឈូងសមុទ្រទាំង៣នេះ ក៏ដូចជាប្រទេសអេស្ប៉ាញ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងប្រទេសកាតា កាលពីខែមិថុនា ឆ្នាំ២០១៧ តាមរយៈការចោទប្រកាន់កាតា ថា បានផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់ក្រុមអ៊ីស្លាមជ្រុលនិយម និងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែ ទីក្រុងដូហា បានច្រានចោលការចោទប្រកាន់ទាំងនោះ។
ក្នុងការផ្លាស់ប្តូរជំហមួយ អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន និងអ៊េមីរ៉ាតអារ៉ាប់រួម បានប្រកាសថា ពួកគេនឹងទទួលយកការអញ្ជើញរបស់ខ្លួន ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកាតា ក្នុងការចូលរួមក្នុងយុទ្ធនាការនេះ។ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អារ៉ាប់ហៅកាត់ថា AGCFF បានឲ្យដឹងក្នុងសេចក្តីប្រកាសដ៏ខ្លីមួយថា យុទ្ធនាការ Gulf Cup បច្ចុប្បន្ន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ក្រោយពីត្រូវបានពន្យារពេល២ថ្ងៃ ដើម្បីសម្របសម្រួលលើកន្លែងស្នាក់នៅរបស់កីឡាករអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមជម្រើសជាតិទាំង៣ នឹងចូលរួមជាមួយនឹងកាតា និងក្រុមភ្ញៀវអ៊ីរ៉ាក់ កូវ៉ែត អូម៉ង់ និងយ៉េមែន សម្រាប់យុទ្ធនាការនេះ ដែលនឹងត្រូវធ្វើការចាប់ឆ្នោតជាថ្មីនៅថ្ងៃនេះ ដើម្បីកំណត់កម្មវិធីប្រកួត។ ការប្រកាសនេះ បង្ហាញពីសញ្ញានៃការផ្សះផ្សារទំនាក់ទំនងមួយរវាងទីក្រុងដូហា និងប្រទេសទាំង៣ខាងលើ ដែលបានដាក់បម្រាមផ្សេងៗទៅលើការដឹកជំនិញតាមកប៉ាល់ ការធ្វើពាណិជ្ជកម្ម ការហោះហើរដោយផ្ទាល់ ការហោះហើរលើដែនអាកាស និងការឆ្លងកាត់តាមផ្លូវគោកជាមួយនឹងប្រទេសកាតា៕
ប្រភពព័ត៌មាន៖ Channel News Asia