Giorgio Petrosyan គឺជាអ្នកប្រដាល់ Kickboxing ជនជាតិអ៊ីតាលី ដែលមានដើមកំណើតនៅប្រទេស អាលម៉ានី ដែលបានបំលាស់ទីមករស់នៅប្រទេសអ៊ីតាលីជាមួយនិងក្រុមគ្រួសារ។ កីឡាកររូបនេះក៏ទើបតែដណ្តើមបានទឹកប្រាក់១លានដុល្លាអាមេរិកពីកីឡាករបារាំង Samy Sana កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅក្នុងការប្រកួតដ៏ធំជាប្រវិត្តសាស្ត្ររបស់ស្ថាប័ន One Championship ដែលជាថ្ងៃគម្រប់សង្វៀនលើកទី១០០នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បន្ទាប់ពីជ័យជំនះជាប្រវត្តិសាស្រ្តនេះ ធ្វើឲ្យនាយកប្រតិបត្តិក្នុងស្ថាប័ន ONE គឺលោក Chatri Sityodtong មានបំណងចង់ឲ្យម្ចាស់ទឹកប្រាក់១លានដុល្លាររូបនេះប្រកួតជាមួយនិងស្តេចប្រដាល់ប្រទេសថៃ ប៉ូខាវ នៅថ្ងៃណាមួយដែលនឹងមកដល់នាពេលខាងមុខ។ បើយោងតាមការចុះផ្សាយរបស់ ONE ដដែលបានឲ្យដឹងថា ប្រសិនបើ ប៉ូខាវ ចូលរួមជាមួយ និង ONE! ពិតណាស់ កីឡាករទាំង២នឹងអាចជួបគ្នា។
ងាកមកវិញ ថ្ងៃនេះ MSR សូមលើកយកប្រវត្តិតស៊ូមួយចំនួនរបស់ Giorgio Petrosyan ដែលបានតស៊ូតាំងពីជាជនភៀសខ្លួន និង ជីវិតដេកតាមចិញ្ចើមថ្នល់ជូនលោកអ្នក…។ Petrosyan ពីដើមឡើយគឺជាជនជាតិ អាលម៉ានី ក្នុងឆ្នាំ១៩៩៩ ដោយសារតែគ្រួសារជួបនិងការលំបាកនិងរត់គេចចេញពីភ្លើងសង្រ្គាមដែលនោះ ធ្វើឲ្យគ្រួសាររបស់ Petrosyan បានរត់ភៀសខ្លួនមករស់នៅក្នុងប្រទេសអ៊ីតាលីក្នុងនាមជាជនអន្តោប្រវេសន៍។
ក្នុងនាមជាជនភៀសខ្លួនគ្មានទីជំរកពិតប្រាកដ គ្រួសាររបស់ Petrosyan ក៏បានទៅរស់នៅដេកក្នុងស្ថានីយរថភ្លើងមួយកន្លែងក្នុងប្រទេសអ៊ីតាលី ជាមួយគ្នានោះ ទេពកោសល្យរបស់ Petrosyan ស្ទើតែកប់លិចទៅតាមពេលវេលាទៅហើយ សំណាងល្អពួកគេត្រូវបានជួយសង្រ្គោះដោយអង្គការជួយជនភៀសខ្លួន ចាប់ពីពេលនោះមក Petrosyan ក៏មានឪកាសបង្ហាញសមត្ថភាពដល់ពិភពលោក និងចាក់ឬស ចាក់គល់ នៅទីនោះរហូតមក។
អ្វីដែលអាចអូសទាញចិត្តរបស់ Petrosyan ឲ្យងាកមកហាត់ក្បាច់គុនបាន គឺតាមរយៈ កាលទស្សនាសាច់រឿងរបស់លោក Jean-Claude Van Damme និង Bruce Lee (លី សីវឡុង) ហើយចាប់តាំងពីពេលនោះមក កុមារា Petrosyan ក៏បានស្វែងរកជំនាញពិតប្រាកដរបស់ខ្លួនគឺការប្រកួត រហូតត្រូវបានគេដាក់រហ័សនាមថា “The Doctor” ដោយហៅឈ្មោះពេញថា Giorgio “The Doctor” Petrosyan ហើយឈ្មោះរបស់គេក៏ត្រូវបានបញ្ចូលឈ្មោះទៅក្នុងសៀវភៅប្រវត្តិសាស្រ្តម្តងទៀតនៅពេលដែលរូបគេបានផ្តួលជើងឯកពិភពលោកចំនួន ៣ ផ្សេងទៀតដើម្បីឈ្នះការប្រកួតដែលមានជើងខ្លាំងច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ៕
ប្រភពព័ត៌មានពី: MSR Sport