ខ្សែប្រយុទ្ធបម្រុង Gonzalo Higuain បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Juventus បានបញ្ចប់ការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ក្រុម Inter Milan ក្នុងក្របខ័ណ្ឌលីក តាមរយៈការដណ្តើមបានជ័យជម្នះ ២-១ ដើម្បីឡើងឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។
Higuain បានស៊ុតបាល់យ៉ាងខ្លាំងផុតដៃអ្នកចាំទី Samir Handanovic នៅរយៈពេល១០នាទីចុងក្រោយ ដើម្បីជួយឲ្យក្រុមរបស់លោក Maurizio Sarri នាំមុខ១ពិន្ទុលើគូប្រកួតរបស់ខ្លួន នាកីឡដ្ឋាន San Siro។ ខ្សែប្រយុទ្ធបម្រុង Higuain បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៨០ ក្រោយពីខ្សែបម្រើស្លាប Paulo Dybala បានរកគ្រាប់បាល់បើកឆាក នៅនាទី ទី៤ នាកីឡដ្ឋាន San Siro។
ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនម្នាក់ទៀតគឺ Lautaro Martinez បានវាយបកដើម្បីជួយឲ្យក្រុម Inter Milan តាមស្មើវិញនៅនាទី ទី១៨ ប៉ុន្តែ លោកគ្រូបង្វឹក Antonio Conte បានរងបរាជ័យក្នុងពេលជួបអតីតក្លិបរបស់លោកជាលើកទី១ បើគិតចាប់តាំងពីចាកចេញពី Juventus ដើម្បីទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកាលពីឆ្នាំ២០១៤។