ក្រុមអធិរាជស Real Madrid កំពុងប្រឈមនិងបញ្ហាធំមួយទៀតហើយ ក្រោយពីតារាឆ្នើម និង ជាម្ចាស់ពានបាល់មាស Ballon d’Or គឺខ្សែបម្រើ Luka Modric បានរងរបួសសាច់ដុំជើងខាងស្តាំក្រោយការធ្វើតេស្ត៏របស់ក្រុមគ្រូពេទ្យប្រចាំក្លឹប។
វាជាលទ្ធផលដ៏អាក្រក់មួយនិងប៉ះពាល់យ៉ាងខ្លាំងសម្រាប់លោក Zinedine Zidane ដែលមានកីឡាករជម្រើស១១នាក់ដំបូងរហូតដល់ទៅ ៥ នាក់កំពុងមានបញ្ហារបួសរួចទៅហើយនោះមានដូចជាៈ Marco Asensio, Eden Hazard, Isco, Brahim Diaz និង James Rodriguez ។
ទោះបីជាយ៉ាងនេះក្តីខ្សែបម្រើ-ស្លាបសញ្ជាតិកូឡុំប៊ីកីឡាករ Jame Rodriguez ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួន សម្រាប់ការប្រកួតក្របខណ្ឌកំពូល អេស្បាញ La liga នាពេលប្រកួតជាមួយ Levante នៅថ្ងៃសៅរ៍នេះ។ មួយវិញទៀត នៅមិនទាន់មានការអះអាងនៅឡើយនោះទេ ពីស្ថានភាពរបួសរបស់ Modric ថានិងត្រូវការពេលវេលាប៉ុន្មានសប្តាហ៏ដើម្បីព្យាបាលរបួស ខណៈដែលក្រុមវេជ្ជសាស្រ្តរបស់ក្លឹបកំពុងធ្វើការវាយតម្លៃ។
ក្រុមអធិរាជសបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ នៅលើតារាង La Liga រដូវកាល (២០១៩-២០២០) ដោយស្មើ ២ លើកនិងឈ្នះ១ប្រកួតក្នុងចំនោមការប្រកួតសរុប ៣ លើករបស់ពួកគេ។