ក្លិប Valencia បានប្រកាសពីការបណ្តេញលោកគ្រូបង្វឹក Marcelino ចេញពីតំណែងដ៏មិននឹកស្មានដល់កាលពីថ្ងៃពុធ ពោលគឺតិចជាងរយៈពេល១សប្តាហ៍ នៅមុនពេលការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Chelsea។ ក្លិបរបស់អេស្ប៉ាញមួយនេះ បានតែងតាំងលោក Albert Celades អតីតគ្រូបង្វឹកជំនួយរបស់ក្លិប Real Madrid ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
បុរសវ័យ៥៤ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Valencia កាលពីឆ្នាំ២០១៧ ដែលនៅពេលនោះក្លិប Valencia កំពុងតែត្រដាបត្រដួស ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២ចំនួន២លើកជាប់ៗគ្នា នៅលើតារាងក្របខ័ណ្ឌ La Liga។ ប៉ុន្តែ ក្រោមការដឹកនាំទាំង២រដូវកាលរបស់លោក លោក Marcelino បានជួយឲ្យក្រុម Valencia ឡើងទៅឈរលេខ៤ និងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ក៏ដូចជាបានជួយឲ្យក្រុមរបស់ខ្លួនលើកពាន Copa del Rey កាលពីរដូវកាលមុន ដែលជាពានទី១របស់ Valencia ក្នុងរយៈពេល១១ឆ្នាំ។
ក្លិប Valencia បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Valencia CF កាលពីថ្ងៃពុធ បានប្រាប់លោក Marcelino Garcia Toral ថា លោកបានរងនូវការបណ្តេញចេញក្នុងនាមជាគ្រូបង្វឹករបស់ក្រុមនេះហើយ។ ក្លិបចង់ថ្លែងអំណរគុណដល់ការបំពេញការងាររបស់អ្នក និងការប្តេជ្ញាចិត្តរបស់អ្នកអំឡុងពេលការចំណាយពេលរបស់អ្នកជាមួយនឹងក្លិបនេះ ហើយក្លិបសូមជូនពរឲ្យលោកជួបជោគជ័យបំផុតនៅថ្ងៃអនាគត»៕
ប្រភពព័ត៌មាន៖ Channel News Asia