អតីតខ្សែបម្រើរបស់ក្លឹប Leicester City កីឡាករ Shinji Okazaki ត្រូវបានក្លឹប Malaga អេស្បាញ បញ្ចប់កិច្ចសន្យាកីឡាករជប៉ុន រូបនេះមុនកាលកំនត់ពោលគឺបានត្រឹមតែ ៣៤ ថ្ងៃបន្ទាប់ពីបានចុះហត្ថលេខាផ្ទេរយករូបគេពីក្រុមកញ្ជ្រោងខៀវ ហើយមូលហេតុនៃការបញ្ចប់នេះគឺបណ្តាលមកពី ក្លឹបមិនអាចមានលទ្ធភាពរក្សាទុករូបគេបានដោយសារតែបន្ទុកប្រាក់ឈ្នួល។
កិច្ចសន្យារបស់ Okazaki ជាមួយ Leicester ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលមុនបន្ទាប់ពីចំណាយពេលបួនរដូវកាលព្រមទាំងធ្លាប់ជួយក្លឹបឈ្នះពាន Premier League មុនពេលចុះកិច្ចសន្យាមួយឆ្នាំជាមួយក្លឹប នៅលីកលំដាប់ទី២ Segunda Division Malaga កាលពីថ្ងៃទី ៣០ ខែកក្កដា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter របស់ខ្លួន Okazaki បាននិយាយថា:ជំរាបសួរ បងប្អូនអ្នកគាំទ្រ ដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះសេចក្តីស្រឡាញ់ដ៏ធំធេងដែលអ្នកបានផ្តល់ឱ្យខ្ញុំក្នុងអំឡុងពេលស្នាក់នៅ។ខ្ញុំចង់និយាយលាហើយសូមជូនពរឱ្យទទួលបានជោគជ័យសម្រាប់ មិត្តរួមក្រុមនិងបុគ្គលិកដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាជាផ្ទះខ្លួនឯង។ ខ្ញុំមិនសោកស្តាយអ្វីទាំងអស់ខ្ញុំនឹងមិនភ្លេចពេលវេលាដែលខ្ញុំបានចំណាយជាមួយអ្នកទេ។ប្រសិនបើថ្ងៃណាមួយខ្ញុំមានឱកាសលេងឱ្យ Malaga CF ខ្ញុំនឹងមិនរារែកឡើយ ។