ខ្សែប្រយុទ្ធ Han Kwang Song ដែលជាកីឡាករកូរ៉េខាងជើងដំបូងគេដែលបានស៊ុតបាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលីនោះ បានចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯក Juventus ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Cagliari។ រូបគេត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករដែលត្រូវទិញចូល និងត្រូវបានចេញផ្សាយដោយក្លិប Juventus កាលពីថ្ងៃអង្គារ បើទោះបីបណ្តាញសារព័ត៌មានអ៊ីតាលី បានបញ្ជាក់ថា រូបគេនឹងបញ្ចូលទៅក្នុងក្រុម Juventus អាយុក្រោម២៣ឆ្នាំ ដែលលេងក្នុងក្របខ័ណ្ឌលំដាប់ទី Serie C ក៏ដោយ។

តារាឆ្នើមវ័យ២០ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Cagliari ក្នុងឆ្នាំ២០១៧ ដោយបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Serie A ជាលើកដំបូងរបស់គេពេលប្រកួតជាមួយនឹងក្រុម Palermo និងបានស៊ុតបាល់បញ្ចូលទីជាលើកដំបូងរបស់គេ ក្នុងពេលក្រុមខ្លួនបានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុម Torino កាលពីខែមេសា នៅឆ្នាំដដែលនោះ។

រូបគេត្រូវបានខ្ចីជើងទៅលេងក្នុងក្រុម Perugia របស់ក្របខ័ណ្ឌលំដាប់ទី២ សម្រាប់រដូវកាលឆ្នាំ២០១៧-២០១៨ និង២០១៨-២០១៩ ដោយបានបង្ហាញខ្លួនសរុប៣៦លើក ក្នុងក្របខ័ណ្ឌ Serie B និងបានស៊ុតបាល់បញ្ចូលទី១១គ្រាប់។ Han បានបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗក្នុងព្រឹត្តិការណ៍ Under-17 World Cup ឆ្នាំ២០១៥ នៅស៊ីលី ដោយក្រុមជម្រើសជាតិកូរ៉េខាងជើង បានឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ រូបគេក៏បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Asian under-16 Championship ឆ្នាំ២០១៤ ផងដែរ ដោយបានជួយឲ្យកូរ៉េខាងជើង លើកពានក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះលើកូរ៉េខាងត្បូង ២-១៕

ប្រភពព័ត៌មាន៖ Channel News Asia