David Luiz បាន​និយាយ​​ថា រូប​គេ​បាន​ចាក​ចេញពីក្លិប Chelsea ដើម្បី​​ចូល​​រួម​ជា​មួយ​នឹងក្លិប Arsenal ដោយ​សារ​តែ​មហិច្ឆ​តា និង​ដោយ​សារ​តែ​ចង់​​ទទួល​បាន​បទពិសោធ​ក្នុង​ការ​ប្រជែង​ថ្មីមួយ​។ ខ្សែ​ការ​ពារកណ្តាល​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ជាលើក​ទី​១​របស់​គេ​សម្រាប់​ក្រុម​កាំភ្លើង​ធំ ក្នុង​ពេល​ពួកគេ​បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ២-១ លើ​ក្រុម Burnley ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពីការ​ផ្ទេរ​នៅ​ថ្ងៃ​ដោះ​ដូរ​កីឡាករ​ចុងក្រោយ​។

Chelsea ដែល​បាន​​ផ្តួលក្រុម Arsenal ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​​ព្រ័ត្រ​នោះ បាន​​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣នៅលើ​តារាង​ក្រប​ខ័ណ្ឌលីក កាលពី​រដូវកាល​មុន ខណៈ​ដែលក្រុម Arsenal បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​៥​។ Luiz បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គឺ​ជា​មនុស្ស​ដែលមាន​មហិច្ឆតា នោះ​ហើយ​គឺ​ជា​មូ​ល​ហេតុ​ដែល​ខ្ញុំ​បាន​ផ្លាស់​ប្តូរ​។ ខ្ញុំ​ចូលចិត្ត​ការ​ប្រជែង​​ថ្មី​មួយ និង​ចូល​ចិត្ត​រឿងថ្មី​ៗ​ក្នុង​ជីវិត​របស់​ខ្ញុំ​»​​​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «នោះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត និង​ធ្វើ​ឲ្យខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត ហើយ​ខ្ញុំ​ក៏​រីក​រាយ​​ជាមួយ​នឹង​ពេល​វេលា​នេះ​ដែរ​។ ខ្ញុំ​គួរ​តែ​ជ្រើស​រើស​​កន្លែង​ដ៏​មាន​ផា​សុខ​ភាព​មួយ និង​​​រក​បានចំណូល​ដ៏ច្រើន ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​»​។

លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្រុម Chelsea បា​ន​បញ្ជាក់​ប្រាប់ Luiz ថា រូប​គេ​មិន​ត្រូវ​បាន​ធា​នា​ថា នឹង​ចូល​​លេង​ក្នុង​ជម្រើស​ដំបូង​ជា​ទៀង​ទាត់​ឡើយ ហើយ​​បន្ទាប់​មក បាន​អនុ​ញ្ញាត​ឲ្យ​ខ្សែ​ការ​ពារ​ប្រេស៊ីល​រូបនេះ ដែល​បាន​ឈ្នះ​ពាន​ធំ​ៗ​​៦លើក​ជាមួយ​នឹងក្រុម Chelsea នោះ ចាក​ចេញ​ដើម្បី​ចូល​រួម​ជាមួយ​នឹង​​ក្លិប​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​១​តែម្តង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia