បន្ទាប់ពីបានលក់ខ្សែការពារ Laurent Koscielny ទៅក្លឹប Bordeaux ក្នុងតម្លៃ ៥ លានអឺរ៉ូ (៤,៦ លានផោន) គ្រូបង្វឹកលោកUnai Emery បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៨ លានផោនជាមួយក្រុមតោខៀវ Chelsea ដើម្បីចុះហត្ថលេខាផ្ទេរយកខ្សែការពារ David Luiz ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។ខ្សែការពារកណ្តាល ប្រេស៊ីល វ័យ ៣២ ឆ្នាំរូបនេះដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំរបស់ក្រុមតោខៀវ នៅខែឧសភាកន្លងទៅនោះនឹងឆ្លងកាត់ការពិនិត្យសុខភាព ជាមួយក្លិប Arsenal នៅថ្ងៃព្រហស្បតិ៍នេះហើយ។

ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោកFrank Lampardត្រូវរងបម្រាមមិនឱ្យទិញ កីឡាកររហូតដល់ចុងខែមករាឆ្នាំ ២០២០ បន្ទាប់ពីមានការស៊ើបអង្កេតរកឃើញ ការចុះហត្ថលេខានាំ យកកីឡាករបរទេសអាយុក្រោម ១៨ ឆ្នាំដោយខុសច្បាប់នាពេលកន្លង។

David Luiz បានចំណាយពេលសរុប២ដងចំនួន ៦ ឆ្នាំកន្លះនៅឯក្រុម Chelsea និងបង្ហាញខ្លួនបាន ១៦០ ប្រកួតនៅ Premier League ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់។បន្ទាប់ពីផ្ទេរពីក្រុមBenfica មក Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃ ២១ លានផោនកាលពីខែមករាឆ្នាំ ២០១១ Luiz បានសម្រេចផ្លាស់ទៅ Paris St-Germain ក្នុងតម្លៃ ៤០ លានផោនកាលពីខែមិថុនាឆ្នាំ ២០១៤ មុនពេលវិលត្រឡប់មកកាន់ Stamford Bridge ជាលើកទី២ក្នុងខែសីហាឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៤ លានផោនម្តងទៀត។