ក្លិប​បិសាចក្រហម Manchester United បាន​ចុះហត្ថលេខា​ជា​មួយ​នឹង​ Harry Maguire ពីក្លិប Leicester ក្នុង​តម្លៃ​ខ្លួន​ចំនួន​៨០លានផោន​ (ស្មើ​នឹង​៩៧​លាន​ដុល្លារ​អាមេរិក) ដើម្បី​ធ្វើ​ឲ្យ​​កីឡាករ​អន្តរ​ជាតិ​អង់គ្លេសរូបនេះ ក្លាយ​ជា​ខ្សែ​ការ​ពារ​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេបំផុត​ក្នុង​ពិភព​លោក​។ Man United បាន​បំពេញ​ការ​នាំ​យក​ Maguire ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៦​​ឆ្នាំ​ ជា​មួយនឹង​ជម្រើស​​​ក្នុង​ការ​បន្ត​កិច្ច​សន្យា​រយៈ​ពេល​១២​ខែ​បន្ថែម​ទៀត​។

ទឹក​ប្រាក់​ចំនួន​៧៥​លានផោន​ដែលក្លិប Liverpool បាន​ចំណាយ​ទិញខ្សែ​ការ​ពារ Virgil van Dijk កាលពីឆ្ណាំ​២០១៨ គឺ​ជា​​កំណត់ត្រា​​កាល​ពី​មុន​សម្រាប់​ខ្សែ​ការ​ពារ​ម្នាក់​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​ចុះហត្ថលេខា​របស់​ក្លិប Juventus ជា​មួយនឹង​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ហូ​ឡង់ Matthijs de Ligt កាលពី​ដើម​ខែ​នេះ អាច​នឹង​កើន​ដល់​៨៥,៥​លាន​អឺ​រ៉ូ (ស្មើ​នឹង​៧៧​លាន​ផោន) បើ​បូក​ទាំង​ប្រាក់​​ឧបត្ថម្ភ​ផ្សេង​ៗ​។ នេះក៏​ជា​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​រវាង​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដូចគ្នា​​ផងដែរ ពោល​គឺ​ជា​តម្លៃ​ខ្លួន​ដែល​បំបែក​កំណត់​ត្រា​ផ្ទេរ​របស់ Van Dijk ទៅ​កាន់កីឡាដ្ឋាន Anfield ពី​​ក្លិប Southampton និង​ការ​ផ្ទេរ​របស់ Romelu Lukaku ពី​ក្លិប Everton ទៅកាន់ Manchester United​។

Maguire បាន​ប្រាប់​គេហ​ទំ​ព័រ​របស់​ក្លិប Man Utd ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​បាន​ចុះហត្ថលេខា​​លេង​ឲ្យ​ក្លិប​ដ៏អស្ចារ្យនេះ​។ ខ្ញុំ​បាន​​ជួប​ពេល​វេលា​ដ៏​រីក​រាយ​នៅ​ជា​មួយ​នឹងក្លិប Leicester និង​ចង់​ថ្លែង​អំណរ​គុណ​ដល់​គ្រប់គ្នា​នៅ​ក្នុងក្លិប​​នេះ​។ ប៉ុន្តែ នៅពេល​ដែល Manchester United មក​គោះ​ទ្វារ​របស់​ខ្ញុំ វា​ជា​ឱកាស​ដ៏មិន​គួរ​ឲ្យ​ជឿ​មួយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia