មានហេតុផលសំខាន់ៗ៤ដែលអ្នកគាំទ្រនៅកម្ពុជាត្រូវតែតាមដាននៅសង្វៀន ONE: DAWN OF HEROES នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
អតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Eddie Alvarez និង EDUARD FOLAYANG ចូលខ្លួនមកប្រកួតក្នុងកម្មវិធី ONE Lightweight World Grand Prix វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពី Timofey Nastyukhin ដកខ្លួនដោយសាររបួស។ ជើងខ្លាំងគ្រងខ្សែក្រវាត់ជាច្រើនខាងគុនចម្រុះ សញ្ជាតិអាមេរិក Demetrious Johnson ជួបជើងខ្លាំងជប៉ុន TATSUMITSU WADA។ ចំណែក Koyomi Matsushima ចូលខ្លួនមកដណ្ដើមខ្សែក្រវាត់នឹងកីឡាករម្ចាស់ខ្សែក្រវាត់កូនកាត់វៀតណាមអូស្ត្រាលី Martin Nguyen។ រីឯ Rodtang Jitmuangnon ដែលអ្នកគាំទ្រកម្ពុជាស្គាល់ច្បាស់ថាផ្ដួល សុខ ធី ឲ្យចុះចាញ់កាលខែ ឧសភា នោះត្រូវណ្ដើមខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ពី Jonathan Haggerty។
១-កីឡាករ Eddie Alvarez និង EDUARD FOLAYANG ចូលខ្លួនមកប្រកួតក្នុងកម្មវិធី ONE LIGHTWEIGHT World Grand Prix វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ម្ចាស់ខ្សែក្រវាត់ច្រើនរបស់អាមេរិក Eddie Alvarez ត្រូវតតាំងនឹងអតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion សញ្ជាតិហ្វីលីពីន EDUARD FOLAYANG។ ជើងឯក Lightweight World Champion ៤សម័យកាលគឺកីឡាករគុនចម្រុះដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ។ Alvarez រំពឹងថានឹងឈ្នះកីឡាករម្ចាស់ផ្ទះហ្វីលីពីនដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ខាងលើ។ ចំណែក FOLAYANG ក៏មិនមែនធម្មតាដែរ ព្រោះគេធ្លាប់គ្រងខ្សែក្រវាត់ ONE Lightweight World Champion។ អ្នកស្រុក Baguio ចូលរួមក្រុមជម្រើសជាតិហ្វីលីពីន និង ឈ្នះមេដាយមាសជាច្រើនហើយក្លាយជាវីរបុរសនៃប្រទេសនេះ។ កូនសិស្សមកពីក្លិប Team Lakay ឈ្នះជើងឯក Filipino Welterweight Championship កាលឆ្នាំ ២០០៧ និង បង្ហាញខ្លួនជាគូឯកនៅ ONE CHAMPIONSHIP នៅឆ្នាំ ២០១១។ អ្នកឈ្នះរវាងគូនេះ នឹងឡើងជួប Saygid Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ONE LIGHTWEIGHT WORLD GRAN PRIX។
២-ជើងខ្លាំងអាមេរិក Demetrious Johnson ប៉ះ TATSUMITSU WADA
មិនមែនជារឿងធម្មតាទេ ជើងខ្លាំងសញ្ជាតិអាមេរិក Demetrious Johnson មានប្រវត្តិល្អខ្លាំងក្នុងពិភពគុនចម្រុះ និង ឈ្នះខ្សែក្រវាត់ជាច្រើនត្រូវ ប៉ះ TATSUMITSU WADA មកពីជប៉ុន។ បុរសវ័យ ៣២ ឆ្នាំរូបនេះមានបទពិសោធន៍ជោកជាំ។ មុនជំនួបនេះ Johnson ឈ្នះ Yuya Wakamatsu កាលចុងខែ មីនា នៅសង្វៀន ONE: A NEW ERA។ ចំណែក TATSUMITSU WADA មិនមែនចេះតែស៊ីបានតាមចិត្តទេ ពោល ឈ្នះ ២១ និង ចាញ់ ១០ ដងក្នុងការប្រកួតនៅសង្វៀនគុនចម្រុះ។ រវាង Johnson និង WADA ត្រូវគេចាត់ទុកជាគូកក្រើក និង ល្អមើលនាថ្ងៃទី ២ ខែ សីហា ខាងមុខ។
៣-អ្នកលេងគុនចម្រុះកំពុងឡើងកូដ Koyomi Matsushima ត្រូវប្រជែងខ្សែក្រវាត់ជាមួយកូនកាត់វៀតណាមអូស្ត្រាលី Martin Nguyen
នេះជាការរង់ចាំរយៈពេល១ ឆ្នាំទើបជើងខ្លាំងសញ្ជាតិជប៉ុន Koyomi Matsushima ឬ ហៅ «Moushigo» បានជួបគូប្រកួតដែលគេទន្ទឹងជាយូរមកហើយ។ ជើងខ្លាំងគុនចម្រុះសញ្ជាតិជប៉ុននឹងឡើងមកដណ្ដើមខ្សែក្រវាត់ ONE Featherweight World Title ពី កីឡាករល្អក្នុងប្រវត្តិសាស្ត្ររបស់ ONE, Martin Nguyen។ បុរសវ័យ ២៦ ឆ្នាំមកពី Yokohama ឡើងប៉ះជើងខ្លាំងនេះបន្ទាប់ពីរូបគេទទួលលទ្ធផលល្អដោយផ្ដួលប្រុសស្អាតមកពីកូរ៉េខាងត្បូង Kwon Won Il នៅទឹកទី៣នាពេលកន្លងទៅ។ យ៉ាងណាក្ដី Matsushima ជឿជាក់ថាគេសមនឹងទទួលការប្រកួតដ៏សំខាន់នេះបន្ទាប់ពីបង្ហាញខ្លួនដំបូងនៅសង្វៀន ONE ពេលវាយ Marat “Cobra” Gafurov អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Featherweight World Champion ឲ្យសន្លប់ត្រឹមទឹកទី១។ «Moushigo» ថ្លែងបែបនេះ ៖«ខ្ញុំមានអារម្មណ៍ថាខ្ញុំរីកចម្រើនដោយសារក្ដីស្រលាញ់។ ខ្ញុំនៅមានអារម្មណ៍ដក់ជាប់ពេលវ៉ៃជាមួយ Gafurov។ យ៉ាងណាក៏ដោយ ខ្ញុំមានលក្ខណៈល្អប្រសើរ ពេលហាត់រាល់ថ្ងៃ។ ខ្ញុំពិតជាខ្លាំងជាងកាល ១ ឆ្នាំមុន»។ តើកូនកាត់វៀតណាមអូស្ត្រាលី Martin Nguyen អាចការពារខ្សែក្រវាត់ទល់នឹង Koyomi Matsushima បានទេ?
៤-រីឯជើងខ្លាំងអ្នកគាំទ្រនៅកម្ពុជាទទួលស្គាល់នោះ Rodtang Jitmuangnon ដែលផ្ដួល សុខ ធី ឲ្យចុះចាញ់កន្លងមកត្រូវដណ្ដើមខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP
មុនឡើងមកដណ្ដើមខ្សែក្រវាត់នេះ ពី Jonathan Haggerty ជើងខ្លាំងប្រដាល់ Kickboxing របស់ថៃ Rodtang Jitmuangnon បានឈ្នះ ៤ ប្រកួតជាប់គ្នានៅសង្វៀន ONE។ Rodtang ដែលមានរហស្សនាមថាមនុស្សដែក ឬ «Iron Man» នេះបានវាយ ជើងខ្លាំងកម្ពុជា សុខ ធី ឲ្យចុះចាញ់ត្រឹមទឹកទី២ ប៉ុណ្ណោះដោយទាត់ជើងក្រោមកាលខែ ឧសភា។ ចំណែក Haggerty មិនមែនធម្មតាទេ ហើយបច្ចុប្បន្នគេជាម្ចាស់ខ្សែក្រវាត់៣ ស្ថាប័ន ដូចជា ONE Flyweight Muay Thai Championship, WBC Muay Thai Super Featherweight Champion, និង ISKA World Super Featherweight Champion។ កីឡាករមកពីចក្រភពអង់គ្លេសរូបនេះបាន ឈ្នះ SAM A ដើម្បីគ្រងខ្សែក្រវាត់ ONE Flyweight Muay Thai Championship កាលខែ ឧសភា កន្លងទៅ។ តើ ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai Championship ថ្មីជាអ្នកណា?
អត្ថបទ៖ ស៊ីធី Credit: Sabay