នេះជាការរង់ចាំរយៈពេល ១ ឆ្នាំទើបជើងខ្លាំងសញ្ជាតិជប៉ុន Koyomi Matsushima ឬ ហៅ «Moushigo» បានជួបគូប្រកួតដែលគេទន្ទឹងជាយូរមកហើយ។ នៅសង្វៀន ONE: DAWN OF HEROES ជើងខ្លាំងសញ្ជាតិជប៉ុន Matsushima ត្រូវប្រឈមនឹងជើងខ្លាំងលំដាប់ពិភពលោក Martin Nguyen ដែលគេស្គាល់ថា «The Situ-Asian» ក្នុងការដណ្ដើមខ្សែក្រវាត់ ONE Featherweight World Title នៅថ្ងៃសុក្រទី២ ខែ សីហា នាក្រុងម៉ានីល ប្រទេសហ្វីលីពីន។ បុរសវ័យ ២៦ ឆ្នាំមកពី Yokohama តតាំងនឹង «The Situ-Asian» នៅទីលាន Mall Of Asia Arena ប្រទេសហ្វីលីពីន បន្ទាប់ពីរូបគេទទួលលទ្ធផលល្អដោយផ្ដួលប្រុសស្អាតមកពីកូរ៉េខាងត្បូង Kwon Won Il នៅទឹកទី៣ នាពេលកន្លងទៅ។
យ៉ាងណាក្ដី Matsushima ជឿជាក់ថាគេសមនឹងទទួលការប្រកួតដ៏សំខាន់នេះបន្ទាប់ពីបង្ហាញខ្លួនដំបូងនៅសង្វៀន ONE ពេលវាយ Marat “Cobra” Gafurov អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Featherweight World Champion ឲ្យសន្លប់ត្រឹមទឹកទី១។ នាពេលកន្លងទៅ ដោយសារតែរបួសរៀងៗខ្លួន «Moushigo» និង «The Situ-Asian» ត្រូវបានពន្យារពេលជំនួបគ្នា ប៉ុន្តែលើកនេះគេជឿថាវាជាគូដ៏ជក់ចិត្តបំផុតមួយ។ «Moushigo» បានចំណាយពេលព្យាបាលដៃដែលបាក់ពេលប្រកួតទល់នឹង Gafurov ហើយគេមានពេលច្រើនដើម្បីសំលៀងក្បាច់គុន និង កសាងទំនុកចិត្តដ៏ល្អទៅថ្ងៃខាងមុខ។ «Moushigo» ថ្លែងបែបនេះ ៖«ខ្ញុំមានអារម្មណ៍ថាខ្ញុំរីកចម្រើនដោយសារក្ដីស្រលាញ់។ ខ្ញុំនៅមានអារម្មណ៍ដក់ជាប់ពេលវ៉ៃជាមួយ Gafurov។ យ៉ាងណាក៏ដោយ ខ្ញុំមានលក្ខណៈល្អប្រសើរ ពេលហាត់រាល់ថ្ងៃ។ ខ្ញុំពិតជាខ្លាំងជាងកាល ១ ឆ្នាំមុន»។
កីឡាករវ័យ ២៦ ឆ្នាំបន្តទៀតថា ៖«ខ្ញុំនៅផ្លូវវែងឆ្ងាយទៀត ព្រោះមិនទាន់ដល់ចំណុចកំពូលនៅឡើយទេ។ ខ្ញុំនឹងធ្វើដំណើរទៅមុខកាន់តែខ្លាំងឡើងៗ។ ការពិតណាស់ ខ្ញុំរំពឹងថាកាន់តែរឹងមាំ មុនពេលការប្រកួតមកដល់»។ នេះជាជំនួបដ៏ធំនៅក្នុងអាជីពលើសង្វៀន ONE: DAWN OF HEROES។
ចំណែកជើងខ្លាំង Nguyen មានកំណត់ត្រាដ៏អស្ចារ្យនៅលើសង្វៀន ONE ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និង អាចថាល្អជាងកីឡាករណាៗទាំងអស់។ នេះជាហេតុផលមួយដែល កូនកាត់វៀតណាមអូស្ត្រាលី បានក្លាយជាគោលដៅទី១ ដែល Matsushima ចង់ជួបនៅសង្វៀនលំដាប់ពិភពលោកមួយនេះ។ កីឡាករដែលមានកម្រិតខ្សែក្រវាត់ខ្មៅការ៉ាតេដូបញ្ជាក់យ៉ាងដូច្នេះ ៖«គេជាកីឡាករដែលគ្រប់គ្រងខ្សែក្រវាត់២ ស្ថាប័ន។ លើដំបូងដែលខ្ញុំបានឃើញ គេប្រកួត ពេល Nguyen ជួប Christian Lee។ ពេលខ្ញុំទទួលបានកិច្ចសន្យានៅ ONE។ ខ្ញុំត្រូវតែតាមដាន។ ទីបំផុត ខ្ញុំអាចជួបគូប្រកួតខ្លាំងដែលខ្ញុំត្រូវការ» ។ អ្នកតំណាងឲ្យក្រុមហ៊ុន Pancrase ISM Yokohama បានសារភាពថា «The Situ-Asian’s» មានក្បាច់សម្លាប់គ្រប់ពេលវេលា ជាពិសេសក្បាច់សម្លាប់ដៃស្ដាំដែលគ្រប់គ្នាសុទ្ធតែខ្លាចរអា។
អ្នកស្រុក Yokohama សង្កត់ធ្ងន់បែបនេះ ៖«ខ្ញុំត្រូវតែការពារឲ្យបានចំពោះការវ៉ៃចេញរបស់គូប្រកួត។ អ្វីដែលជាពិសេស ខ្ញុំមិនត្រូវបង្កើតចន្លោះឲ្យគេវ៉ៃបានទេ។ បើវាមិនអាចបញ្ឈប់បាន ខ្ញុំគិតថាអាចប្រើជំហរដេក ឬ លៃយ៉ាងណាដើម្បីទប់ទល់រូបគេ»។ ដោយសារការហ្វឹកហាត់ក្បាច់ការ៉ាតេដូមានកម្រិតខ្ពស់ Matsushima នឹងព្យាយាមបញ្ចប់កូនកាត់វៀតណាម-អូស្ត្រាលីនៅទឹកណាមួយ។ Matsushima នឹងផ្ដល់មេរៀនដល់ Nguyen ក្នុងអាជីពដែលលំបាកបំផុត។
អ្នកលេងគុនចម្រុះមកពីក្លិប Pancraseism Yokohama គូសបញ្ជាក់ថា៖«ខ្ញុំហាត់រាល់ថ្ងៃ គឺខ្ញុំចង់ឲ្យរឿងរ៉ាវកើតឡើងពិតប្រាកដ។ ខ្ញុំគិតច្រើន មិនទាន់ដឹងថា ឈ្នះដោយសន្លប់ ឬ យ៉ាងណាទេ ប៉ុន្តែខ្ញុំចង់ឈ្នះគ្រប់ក្បាច់ដែលមាន ឬ ឈ្នះដោយសន្លប់។ ខ្ញុំពង្រឹងក្បាច់គុនរបស់ខ្ញុំ ដែលអាចប្រើបានទាំងការ៉ាតេដូ ឬ ចំបាប់»។
«Moushigo» មានទំនុកចិត្តថាទាំងការ៉ាតេដូ ឬ ចំបាប់អាចប្ដូរឲ្យគូប្រកួតតឹងតែងគ្រប់វិនាទី។ បើសិនមិនអាចធ្វើបានចំពោះក្បាច់ទាំងពីរ គឺមានតែប្ដូរក្បាច់ជើង និង អាចផ្ដួល Nguyen ទៅក្ដាររេញ ហើយគ្រប់គ្រងការវ៉ៃពីខាងលើវិញ។
បែបណាក៏ដោយ «Moushigo» អះអាងថា Nguyen ជាកីឡាករខ្លាំងម្នាក់កំពុងគ្រងខ្សែក្រវាត់ពិភពលោកដែលមិនងាយស្រួលទេពេលជួបគ្នា។ កីឡាករជប៉ុនទទួលស្គាល់ថា វានឹងក្លាយជាគូប្រកួតដ៏ជូរចត់ និង ជក់ចិត្តសម្រាប់អ្នកគាំទ្រ។ ទន្ទឹមគ្នានោះ «Moushigo» ផ្ញើសារបញ្ឈឺទៀតថា៖«សូមជួយជួយរៀបចំយកខ្សែក្រវាត់ឲ្យខ្ញុំផង»៕ អត្ថបទ៖ ស៊ីធី