ខ្សែបម្រើកណ្តាលរបស់ក្លិបដែលត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌលំដាប់ទី២(Championship)គឺ Fulham កីឡាករJean Michael Seri បានផ្លាស់ទៅចូលរួមក្លឹបយក្សតួគី Galatasaray ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ។ ក្លឹប Galatasaray នឹងបង់ប្រាក់ក្នុងតម្លៃកម្ចីនេះចំនួន ១,៥ លានអឺរ៉ូស្មើនិង(ផោន ១.៣៤ លានផោន) ជាមួយនឹងជម្រើសទិញយកជាអចិន្រ្តៃយ៍ក្នុងតម្លៃ ១៨ លានអឺរ៉ូ ស្មើនិង(១៥,២ លានផោន) នៅរដូវកាលក្រោយ។

កីឡាករអន្តរជាតិកូឌីវ័ររូបនេះបានចូលរួមជាមួយ Fulham ពីក្លឹបបារាំង Nice កាលពីខែកក្កដា២០១៨ រូបគេបានបង្ហាញខ្លួនចំនួន ៣២ប្រកួត សម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ និង នៅកីឡាដ្ឋានCraven Cottage ប៉ុន្តែមិនអាចជួយក្លឹបមានជីវិតរស់នៅលីកកំពូលនេះបាន ហើយត្រូវធ្លាក់ទៅលេងនៅក្របខ័ណ្ឌដើមគឺ Championship ក្រោយចំណាយពេលឡើងមកលេងនៅក្របខ័ណ្ឌកំពូល Premier League រដូវកាល២០១៨-២០១៩បានត្រឹមមួយរដូវកាលកន្លងមក។