ក្រុមកីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា ដែលសុទ្ធតែដណ្តើមបានមេដាយរៀងៗខ្លួន នៅក្នុងការប្រកួតកីឡាបាល់បោះជិះរទេះដណ្តើមពានអន្តរជាតិ Bali Cup លើកទី៦ ឆ្នាំ២០១៩ (6th Bali Cup International Wheelchair Basketball 2019) នៅបាលី ប្រទេសឥណ្ឌូនេស៊ីនោះ នឹងនាំយកជយលាភីរបស់ពួកគេ មកដាល់មាតុប្រទេសវិញ នាល្ងាចថ្ងៃអង្គារនេះ។
បើតាមលោក ម៉ៅ សុខជា គ្រូបង្វឹកដឹកនាំក្រុមអត្តពលិកជនពិការកម្ពុជា តៅចូលរួមការប្រកួតនេះ បានឲ្យដឹងថា ក្រុមជនពិការជិះរទេះផ្នែកនារីរបស់កម្ពុជា និងនាំយកមេដាយ និងពានចំនួន៣ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចម៉ោង ៥:៣៥ ថ្ងៃអង្គារនេះ តាមជើងយន្តហោះ MH762 ចំណែកក្រុមបុរស នឹងធ្វើដំណើរមកដល់កម្ពុជាវិញ នៅថ្ងៃពុធស្អែកនេះ វេលាម៉ោង១០ព្រឹក តាមជើងយន្តហោះ MH754។
គួរបញ្ជាក់ថា នៅក្នុងការប្រកួត 6th Bali Cup International Wheelchair Basketball 2019 ក្រុមនារីបាល់បោះជិះរទេះជនពិការកម្ពុជា ដែលប្រកួតលើវិញ្ញាសា៣នាក់ទល់៣នាក់ បានឈ្នះមេដាយប្រាក់ បន្ទាប់ពីពួកគេបានចាញ់ក្រុមបារាំង ៩-៨ ក្នុងវគ្គផ្តាច់ព្រ័ត្រ រីឯក្រុមបាលី បានយកឈ្នះក្រុម Jakarta ជាមួយពិន្ទុ ៤-០ ដើម្បីទទួលបានមេដាយសំរឹទ្ធ។
ក្រៅពីការឈ្នះពាន និងមេដាយប្រាក់នេះ គឺការបង្ហាញសមត្ថភាពលេងយ៉ាងល្អរបស់ក្រុមនារីកម្ពុជា បានធ្វើឲ្យគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ សម្រេចប្រគល់មេដាយ និងពានចំនួន២ទៀតឲ្យកម្ពុជា ដោយក្នុងនោះ កញ្ញា សាន រដ្ឋា ទទួលបានមេដាយ១គ្រឿងតំណាងឲ្យអ្នកលេងល្អជាងគេ ក្នុងចំណោមកីឡាការិនីពិការប្រភេទខ្សោយ ហើយលោកស្រី អាន ស៊ីណែត ទទួលបានពានតូច១ផ្សែងទៀត តំណាងអ្នកលេងល្អជាងគេបំផុត (Most Valuable Player)។
ដោយឡែកសម្រាប់ការប្រកួត៥នាក់ទល់៥នាក់ផ្នែកបុរសវិញ ក្រុមកម្ពុជា ដែលទទួលបានលេខ៤ ក្នុងការប្រកួតជម្រុះវិលជុំ បានបន្តទៅចាញ់ក្រុមបារាំងជាមួយពិន្ទុ ៩៥-១២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ កម្ពុជា បានយកឈ្នះក្រុមសិង្ហបុរី ៣០-២៥ ក្នុងការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ។ ចំណែកក្រុមបារាំង បានបន្តទៅយកឈ្នះក្រុមម៉ាឡេស៊ី ៧៦-៤ ពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានមេដាយមាស ជាមួយកំណត់ត្រាឈ្នះគ្រប់ការប្រកួតទាំង៦លើក។
បន្ថែមទៅលើការឈ្នះពានលេខ៣ និងមេដាយសំរឹទ្ធនេះ កីឡាករ សែម គឹមសួរ របស់កម្ពុជា ក៏ត្រូវបានគណៈកម្មការ សម្រេចផ្តល់មេដាយ១គ្រឿងទៀត តំណាងឲ្យកីឡាករលេងល្អជាងគេ ក្នុងចំណោមកីឡាករប្រភេទខ្ពស់ផងដែរ៕
ក្រុមបាល់បោះជនពិការកម្ពុជា នាំមេដាយ និងពានកិត្តិយស ពីឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃនេះ
អត្ថបទទាក់ទង