ក្លិប Liverpool បានរក្សាទុកខ្សែប្រយុទ្ធ Divock Origi ដែលជាវីរបុរសក្នុងក្របខ័ណ្ឌ Champions League ក្នុងកិច្ចសន្យារយៈពេលវែងថ្មីមួយ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិប កាលពីថ្ងៃពុធ។ ក្លិប Liverpool បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ជាក់ពីរយៈពេលនៃកុងត្រា ថា៖ «Divock Origi បានប្តេជ្ញាបន្តនៅជាមួយនឹងក្លិបកីឡាបាល់ទាត់ Liverpool តាមរយៈការចុះកុងត្រារយៈពេលវែងថ្មីមួយ នៅទីលាន Melwood ថ្ងៃនេះ»។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ ភាគច្រើនបានលេងក្នុងនាមជាកីឡាករបម្រុង នាកីឡដ្ឋាន Anfield បើគិតចាប់តាំងពីផ្ទេរមកពីក្លិប Lille កាលពីឆ្នាំ២០១៤។ ទោះបីជាយ៉ាងណា រូបគេបានបង្ហាញថ្វីជើង តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Barcelona ៤-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីរដូវកាលមុន ក្រោយពីបានរងបរាជ័យ ៣-០ ក្នុងការប្រកួតជើងទី១។ បន្ទាប់មក Origi បានស៊ុតបាល់បញ្ចូលទីម្តងទៀត ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Tottenham វគ្គផ្តាច់ព្រ័ត្រ ខណៈ Liverpool បានឈ្នះពានក្នុងយុទ្ធនាការនេះជាលើកទី៦។ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានឲ្យដឹងថា៖ «វាជារឿងរ៉ាវមួយដែលមានតែក្នុងកីឡាបាល់ទាត់ប៉ុណ្ណោះដែលអាចសរសេរបាន។ យើងចង់ចុះហត្ថលេខាជាមួយនឹងរូបគេម្តងទៀត ដើម្បីបន្តកុងត្រា ហើយរឿងដ៏ល្អនោះគឺថា រូបគេក៏ចង់បន្តផងដែរ។ រូបគេបានដឹងថា វាពិតជាលំបាក ប៉ុន្តែ យើងមិនបានបោះបង់រូបគេចោលក្នុងពេលនោះឡើយ»៕