កីឡាករ ចាន់ សំអាត ដែលជាអ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងម្នាក់នៅព្រះរាជាណាចក្រកម្ពុជាបានបង្ហើបអំពីគោលដៅទៅថ្ងៃអនាគតថា នឹងមានភាគរយខ្ពស់ដើម្បីចាកចេញពីការងារក្បាច់គុន និងផ្ដោតលើមុខរបរផ្សេងទៅវិញ។

កីឡាករគុនចម្រុះវ័យ ២៦ឆ្នាំរូបនេះបញ្ជាក់ដូច្នេះ៖ «រាល់ថ្ងៃខ្ញុំមិនទាន់ច្បាស់ទេបងទោះ។ ខ្ញុំនៅមានកម្លាំង។ ខ្ញុំខំប្រឹងហ្វឹកហាត់ ហើយឡើងចុះញឹកញាប់ពីខេត្តឧត្ដរមានជ័យ មកភ្នំពេញដើម្បីហាត់នៅក្លិប Cambodian Top Team។ តែខ្ញុំអាចឈប់ពីកីឡាក្បាច់គុនមួយនេះពេលអាយុជ្រេបន្តិចទៀត។ រាល់ថ្ងៃ ខ្ញុំខំហ្វឹកហាត់ខ្លួនឯងផង និងជួយបង្ហាត់សិស្សនៅ CTT ផង។ ការជួយនេះមិនមែនទទួលប្រាក់ខែអ្វីទេ ហើយមិនទាន់ប៉ងក្លាយជាគ្រូបង្វឹកដែរ ព្រោះលោក គ្រូ ហ៊ុន ច័ន្ទរាជ្យ គាត់ជួយសម្រួលដល់ខ្ញុំ បង្ហាត់ខ្ញុំ ផ្ដល់ការស្នាក់នៅ ការហូបចុក រកសង្វៀនឲ្យប្រកួតជាដើម។ ដូច្នេះយើងត្រូវជួយគាត់វិញតាមតែអាចធ្វើទៅបាន»។

បច្ចុប្បន្ន កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ កំពុងបុកហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីត្រៀមប្រកួតនៅសង្វៀន ONE និង កំពុងប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦០ គីឡូក្រាមនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលមានបេក្ខភាពកីឡាករខ្មែរ ៤ នាក់ និង ថៃ ៤ នាក់។ ឆ្លងកាត់ ៣ ប្រកួតកន្លងមក ចាន់ សំអាត ឈ្នះ ២ និង ចាញ់ម្ដង។ ជ័យជម្នះ ២ លើក កន្លងទៅអាចធ្វើឲ្យគេមាសង្ឃឹមឡើងទៅវគ្គបន្ត។ កីឡាករមកពីខេត្តឧត្តរមានជ័យរូបនេះមានឈ្មោះទៅប្រកួតនៅសង្វៀន ONE Championship ជាថ្មីនាដើមខែ សីហា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេសសិង្ហបុរី។ ការឡើងសង្វៀន ONE លើកនេះគឺ ប្រកួតក្នុងប្រភេទទម្ងន់ ពី ៥៦ ទៅ ៦០ គីឡូក្រាម។ សំអាតបង្ហើបក្ដីរំពឹងបែបនេះ៖ «ខ្ញុំសង្ឃឹមបានលទ្ធផលល្អលើកនេះ ព្រោះកន្លងទៅចាញ់នៅសង្វៀន ONE។ ល្អណាស់ដែលត្រូវគីឡូខ្ញុំ។ ពីមុនលំបាកបន្តិចព្រោះខ្ញុំទៅវ៉ៃ ចន្លោះគីឡូ ៦០ ទៅ ៦៥ គីឡូក្រាម។ គីឡូខ្ញុំដំឡើង ហើយ គេទម្លាក់មកចាំវ៉ៃយើង»។

កីឡាករមកពីស្រុកអន្លង់វែង រៀបរាប់ទៀតថា ដ្បិតជួយបង្វឹកកីឡាករក្មេងៗនៅក្លិប CTT និងបង្ហាត់កូនសិស្សដើម្បីសុខភាព ប៉ុន្តែ គេមិនមានមហិច្ឆតាខ្ពស់ដើម្បីក្លាយជាគ្រូ ឬ បើកក្លិបអ្វីនោះឡើយដោយសារកត្តាថវិកា ឬ ទំនងមិនអាចមានអ្នកឧបត្ថម្ភទៀតផង។ សំអាត សង្កត់ធ្ងន់ថា៖ «បើសិនអនាគត យើងបើកក្លិបមិនប្រាកដជោគជ័យដែរ ព្រោះក្លិបមួយចំនួនរលំហូរហែ។ យើងអត់សូវចេះគ្រប់គ្រង យើងអត់មានបណ្ដាញរកសង្វៀនឲ្យកីឡាករប្រកួត។ នេះហើយសុទ្ធតែបញ្ហាប្រឈម»។

ការដែលនាំឲ្យ ចាន់ សំអាត មានកូនចិត្តប្រកបរបររកស៊ី ឬទៅរកស៊ីនៅស្រុកកំណើតវិញនោះ ព្រោះកត្តានៅជិតប្រពន្ធកូនក៏ជាការជំរុញទឹកចិត្តមួយដែរ។ ការវិលទៅរកស៊ីនៅខេត្តឧត្តរមានជ័យ វិញទៅថ្ងៃអនាគត គឺអាចរស់នៅជួបជុំប្រពន្ធកូន។ យ៉ាងណាក្ដី មុខរបរ ដែល ចាន់ សំអាត គ្រោងចាប់យកនៅថ្ងៃមុខមិនទាន់ត្រូវបានទម្លាយនៅឡើយទេ ព្រោះត្រូវរង់ចាំបន្តិចសិន ទម្រាំឡើងប្រកួតលែងកើត ឬ ប៉ុន្មានឆ្នាំទៅមុខទៀត។

គួរដឹងថា ចាន់ សំអាត ចាប់ផ្ដើមប្រលូកលើសង្វៀនប្រដាល់ដំបូងនៅឆ្នាំ ២០០៨ ដោយទៅហ្វឹកហាត់ជាមួយគ្រូបង្វឹក ឡោ វុទ្វី នៅក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ តាមរយៈកីឡាករ ខុន ស៊ីចាន់ មុននឹងចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនចម្រុះនៅឆ្នាំ ២០១៣ ពេលកម្មវិធី Khmer Warrior Challenge ចាប់ផ្ដើម។ ចាន់ សំអាតជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣ ឬ ហៅថាម្ចាស់ខ្សែក្រវាត់វ៉ៃដាក់ទ្រុង ដែលរៀបឡើងដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV។