លោក Tite គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកនឹងមិនកាត់សេចក្តីទៅលើការចោទប្រកាន់ទាក់ទងនឹងករណីរំលោភប្រឆាំងនឹងតារាឆ្នើមរបស់លោក Neymar ឡើយ ខណៈដែលខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain បាននិយាយថា ការចោទប្រកាន់នោះគឺការព្យាយាមគំរាមទារប្រាក់លើរូបគេ។ លោកបានឲ្យដឹងថា៖ «ខ្ញុំយល់ច្បាស់ពីទំហំនៃករណីនេះ។ ប៉ុន្តែ វាគួរតែជាពេលវេលាសម្រាប់មនុស្សក្នុងការគិតទៅលើការពិតផ្សេង»។
នៅឯទីលានហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រេស៊ីល ក្បែរទីក្រុង Rio ដែលជាកន្លែងពួកគេកំពុងត្រៀមខ្លួនសម្រាប់យុទ្ធនាការ Copa America នាពេលខាងមុខនេះ លោក Tite បានបញ្ជាក់ថា៖ «ខ្ញុំនឹងមិនយកខ្លួនទៅកាត់សេចក្តីលើការពិតផ្សេងៗឡើយ»។ គ្រូបង្វឹករូបនេះដែលបានរងនូវការចោទសួរជាច្រើនអំពីការចោទប្រកាន់ផ្សេងៗដែលត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុននោះ បានប្រាប់បន្តថា៖ «ការពិតមិនទាន់លាតត្រដាងឲ្យដឹងច្បាស់នៅឡើយទេ។ ពេលតែពេលវេលាប៉ុណ្ណោះដែលអាចផ្តល់ចម្លើយឲ្យយើងបាន។ ក្រុមនេះមិនផ្តោតលើរឿងហ្នឹងឡើយ»។ លោកបានបន្ថែមទៀតថា៖ «ក្នុងរយៈពេល៣ឆ្នាំ ខ្ញុំបានដោះស្រាយរឿងរ៉ាវជាច្រើនជាមួយ Neymar ហើយរាល់បញ្ហាផ្ទាល់ខ្លួនទាំងអស់ ដែលយើងបានដោះស្រាយ គឺមានភាពយុត្តិធម៌ និងការពិត»។ លោក Tite បានបញ្ជាក់បន្ថែមថា៖ «Neymar ជាកីឡាករដ៏អស្ចារ្យម្នាក់។ ក្រៅពីបច្ចេកទេសលេង រូបគេក៏ជាកីឡាករសំខាន់ផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia