«ខ្ញុំ កូនសិស្ស និង ប្រពន្ធខ្ញុំកំពុងរកទីតាំងមួយសមរម្យ អាចជួលបង្ហាត់សិស្ស ឬ ដាក់រេញបាន១ និងដាក់សម្ភារហ្វឹកហាត់មួយចំនួន។ ប៉ុន្តែរហូតដល់ពេលមិនទាន់រកបានទេ។ បើបងប្អូនមានទីតាំងសមរម្យជួយប្រាប់បងខ្ញុំនឹងទៅឆែកមើល។ ទីតាំងខ្ញុំចង់បានម្ដុំទួលទំពូង និង បឹងត្របែក។ បើបងប្អូនមាន ឬ ស្គាល់កន្លែងទំនេរ សូមទាក់ទងលេខទូរសព្ទខ្ញុំ ០៩២ ៣៤៥ ៤៣៩»។ នេះជាបង្ហើបឲ្យដឹងរបស់ ចាន់ រតនា កំពូលអ្នកលេងក្បាច់ គុនចម្រុះប្រចាំនៅកម្ពុជា និង ម្ចាស់ក្លិបប្រដាល់ «សិល្បៈ»។
ការថ្លែងឲ្យដឹងយ៉ាងដូច្នេះ បន្ទាប់ពីទីតាំងស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះនឹងផុតកិច្ចសន្យាត្រឹមខែ តុលា ឆ្នាំ ២០១៩ ខាងមុខ ប៉ុន្តែសម្ភារហ្វឹកហាត់នានា និង រេញក្នុងទ្រុងមួយនឹងត្រូវរើចេញត្រឹមដើមខែ កញ្ញា ហើយ។ ទីតាំងក្បែរគុកទួលស្លែងនេះត្រូវបានដំណើរការហ្វឹកហាត់អស់រយៈពេល ៣ ឆ្នាំមក ហើយ ដែលត្រូវទៅតាមកិច្ចសន្យាជួលជាមួយម្ចាស់ទីតាំងផ្ទាល់។ ការដែលបញ្ចប់ការជួលឲ្យ ចាន់ រតនា នេះព្រោះម្ចាស់ផ្ទះយកទីតាំងនេះលក់ឲ្យអ្នកផ្សេង។
អ្នកលេងគុនខ្មែរវ័យ ៣៣ ឆ្នាំរូបនេះរៀបរាប់ទៀត ខ្លួននៅសល់ពេល ២ខែពេញដើម្បីស្វែងរកទីតាំងសមរម្យមួយដើម្បីជួយ ក្នុងនោះមានការជួយពីសំណាក់គ្រួសារ និងកូនសិស្សក៏ជួយស្វែងរកដែរ។ ការស្វែងរកទីតាំងម្ដុំបឹងត្របែក ឬ ម្ដុំទួលទំពូងខាងលើ ដោយសារមិនចង់បាត់សិស្សហ្វឹកហាត់។ បើសិនក្នុងករណីទៅជួយឆ្ងាយពីនេះ កូនសិស្ស និង បរទេស ដែលជួលម៉ោងហ្វឹកហាត់អាចជួបការលំបាកទៅហ្វឹកហាត់។
ក្លិប «សិល្បៈ» មិនត្រឹមតែបង្ហាត់កីឡាករអាជីពទេប៉ុន្តែ មានទទួលម៉ោងហ្វឹកហាត់សម្រាប់អ្នកចង់បានសុខភាពល្អ ហើយ បច្ចុប្បន្ននេះមានជនបរទេស ចូលរួមហ្វឹកហាត់ប្រមាណ ៣០ នាក់ដែលពួកគេចង់ចេះគុនខ្មែរ និង ហាត់ដើម្បីសុខភាព។ រីឯកូនសិស្សខ្មែរវិញ មានប្រមាណ ៣០ នាក់ដែលទទួលការហ្វឹកហាត់ជាមួយគ្រូបង្វឹកមានបទពិសោធន៍កម្រិតអន្តរជាតិ ចាន់ រតនា ដោយបែងចែកជា ៣ ពេល មានព្រឹក ថ្ងៃ និង ល្ងាច។
អ្នកលេងក្បាច់គុនយុទ្ធក្រមខម សង្កត់ធ្ងន់ថា៖ «ទីតាំងចាស់នេះមានទំហំប្រហែលទទឹងជាង ១០ ម៉ែត្រ និង បណ្ដោយជាង ២០ ម៉ែត្រ ដែលមើលទៅធំទូលាយស្រួលដាក់សម្ភារហ្វឹកហាត់។ ប៉ុន្តែបើខ្ញុំមិនអាចរកបានទំហំប៉ុនគ្នានេះទេ គឺ រកទីតាំងផ្ទះតូចល្មមអាចបង្ហាត់កូនសិស្សបានគ្រប់គ្រាន់ហើយ»។
ចាន់ រតនា ជាកីឡាករគុនចម្រុះមួយរូបដែលទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រប្រចាំនៅកម្ពុជា។ រតនា ប្រឡូកក្នុងសង្វៀនគុនចម្រុះ និង ឡើងប្រកួតលើសង្វៀនគុនខ្មែរក្នុងស្រុកជាច្រើនដង។ ការឡើងប្រកួតលើសង្វៀនគុនចម្រុះមានកំណត់ត្រាចំនួន ៩ ដងតាំងពីឆ្នាំ ២០១៥មក ពោលឈ្នះ ៦ ដង និង ចាញ់ ៣ដង។ អ្វីគួរឲ្យសម្គាល់លើសង្វៀន ONE Championship ពីរលើកចុងក្រោយនេះមិនដែលចាញ់។ រតនា ឈ្នះកីឡាករឥណ្ឌូណេស៊ីទាំងពីររូបក្នុងពីរលើចុងក្រោយនៅONE ដោយឈ្នះ ABRO Fernandez ក្នុងទឹកទី២ កាលចុងឆ្នាំ ២០១៨ និង ឈ្នះ Rudy Agustian ត្រឹមទី២ដែរកាលដើមខែ ឧសា៕