លោក Maurizio Sarri ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Juventus កាលពីថ្ងៃអាទិត្យ ក្រោយពីការចាកចេញរបស់លោកពីក្លិប Chelsea បន្ទាប់ពីដឹកនាំបានត្រឹមតែ១រដូវកាលក្នុងទីក្រុងឡុងដ៍ ត្រូវបានប្រកាសឡើងដោយក្លិបទាំង២។ លោក Sarri វិលទៅកាន់ប្រទេសអ៊ីតាលីវិញ ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ក្នុងរយៈពេលត្រឹមតែ១រដូវកាល ក្រោយពីបានចាកចេញពីក្លិប Napoli ទៅកាន់កីឡដ្ឋាន Stamford Bridge ដែលជាកន្លែងលោកមិនបានទទួលការគាំទ្រឡើយ បើទោះបីបានដឹកនាំឲ្យក្រុមឈ្នះពានក្របខ័ណ្ឌ Europa League និងវិលទៅកាន់ក្របខ័ណ្ឌ Champions League វិញ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Premier League ក៏ដោយ។
ក្លិប Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Maurizio Sarri បានវិលទៅកាន់អ៊ីតាលីវិញ ដែលជាកន្លែងលោកបានចំណាយពេលច្រើនក្នុងការដឹកនាំក្រុមក្នុងអាជីពរបស់លោក។ ចាប់ពីថ្ងៃនេះ លោកនឹងដឹកនាំនៅក្លិប Juventus ដោយមានកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២»។ ការឈ្នះពាន Europa League កាលពីខែមុន គឺជាពានដំបូងគេរបស់លោក Sarri ក្នុងនាមជាគ្រូបង្វឹក ប៉ុន្តែ លោកត្រូវបានរំពឹងទុកថា នឹងឈ្នះពានជាច្រើនទៀតជាមួយនឹងក្លិប Juventus។ Juventus បានឈ្នះពានក្របខ័ណ្ឌ Serie A សម្រាប់រដូវកាល៨លើកជាប់ៗគ្នា ក្រោយពីបានបញ្ចប់ការប្រជែងរបស់ក្លិប Napoli។ ប៉ុន្តែ លោក Massimiliano Allegri បានចាកចេញកាលពីចុងរដូវកាលនេះ ក្រោយពីមិនអាចដឹកនាំឲ្យពួកគេឈ្នះពាន Champions League បើទោះបីទិញចូលខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីឆ្នាំមុនក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia